ភ្នំពេញ៖ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានចុះអនុស្សរណៈប្រគល់ថវិកាចំនួន ២លានដុល្លារអាមេរិក ជូនដល់អាជ្ញាធរមីនកម្ពុជា ដើម្បីចូលរួមជាចលនាជាតិឆ្ពោះទៅរកសូន្យគ្រាប់មីននៅឆ្នាំ២០២៥ តាមរយៈ «គម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន» ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម»។
ពិធីចុះអនុស្សរណៈ និងប្រគល់-ទទួលថវិកានេះ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមវត្តមានលោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា និងឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន។
ក្នុងឱកាសនោះ លោកជំទាវកិត្តិបណ្ឌិត បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណចំពោះអាជ្ញាធរមីន ដែលតែងតែផ្តល់ថវិកាជូនកាកបាទក្រហមកម្ពុជា ចាប់តាំងពីឆ្នាំ២០១៦រៀងមក សម្រាប់អនុវត្តការងារលើកកម្ពស់ការយល់ដឹងពីមីន នៅតាមខេត្តគោលដៅចំនួន៤ គឺខេត្តឧត្តរមានជ័យ ព្រះវិហារ ពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ (ក្នុងនោះ ពីឆ្នាំ២០១៦-២០២០ ថវិកា ៨០លានរៀល, ឆ្នាំ២០២១ ថវិកា ៤៦លានរៀល និងឆ្នាំ២០២២នេះ ថវិកាចំនួន ៣០លានរៀល)។
លោកជំទាវកិត្តិបណ្ឌិត បានគូសបញ្ជាក់ថា ៖ «ចំពោះលទ្ធផល នៃការអនុវត្តការងារតាមគោលដៅខេត្តទាំង៤ ខាងលើនេះ កាកបាទក្រហមកម្ពុជា សម្រេចបានការអប់រំផ្សព្វផ្សាយអំពីមីន សំណល់ជាតិផ្ទុះពីសង្រ្គាម ដល់ប្រជាពលរដ្ឋចំនួន ៨៣.៦៦៨នាក់ (ក្នុងនោះ ស្រ្តី៥២.១៩៣នាក់ និងកុមារ ៣៤.៥២៥នាក់), បានផ្តល់អំណោយមនុស្សធម៌ដល់ជនរងគ្រោះដោយសារមីន សំណល់ជាតិផ្ទុះពីសង្រ្គាមចំនួន ៤១២នាក់ និងបានផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ ជូនដល់ប្រជាពលរដ្ឋចំនួន ៩២៦គ្រួសារ (ក្នុងនោះគ្រួសារមានពិការភាពចំនួន២៧៨គ្រួសារ)។» លោកជំទាវកិត្តិបណ្ឌិត បានបញ្ជាក់ផងដែរថា ក្នុងការចូលរួមកាត់បន្ថយបញ្ហាមីននៅកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់អនុសាសន៍ ដល់គ្រប់សាខាកាកបាទក្រហមកម្ពុជាទាំង២៥រាជ ធានី-ខេត្ត ឱ្យចូលរួមក្នុងការអប់រំផ្សព្វផ្សាយជាប្រចាំ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះផងដែរ។
ជាកិច្ចឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះ សម្តេចតេជោ ហ៊ុន សែន បិតាសន្តិភាព ដែលបានផ្តួចផ្តើមឱ្យមានចលនាជាតិឆ្ពោះទៅរកសូន្យគ្រាប់មីន នៅឆ្នាំ២០២៥ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មាតាមនុស្សធម៌ ដែលបានឧបត្ថម្ភថវិកាចំនួន ២លានដុល្លារ សម្រាប់ចូលរួមក្នុងសកម្មភាពបោសសម្អាតមីននៅកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានជម្រាបជូន ពីសមិទ្ធផលនៃសកម្មភាពរបស់ប្រតិបត្តិករសម្អាតមីន ដែលក្នុងរយៈពេល ជាង៣០ឆ្នាំនេះ បានធ្វើការបោសសម្អាតមីនជាង ២៦០០គីឡូម៉ែតការ៉េ នៅក្នុងប្រទេសកម្ពុជាយើង ដែលកម្ពុជាគឺជាប្រទេសទី៣ ក្នុងចំណោមបណ្តាប្រទេស ដែលទទួលរងគ្រោះថ្នាក់ច្រើនជាងគេដោយសារមីន បន្ទាប់ពីប្រទេសអីរ៉ាក់ និងប្រទេសអាហ្កានីស្ថាន។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីនីតិវិធីទាំង១១ចំណុច នៃការងារបោសសម្អាតមីន ស្របតាមស្តង់ដារសកម្មភាពកំចាត់មីននៅកម្ពុជា ក្នុងការអនុវត្តគម្រោងរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ផងដែរ៕