រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២។ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលជាបន្តបន្ទាប់ គឺនៅថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ឥទ្ធិពលសម្ពាធទាបសកម្ម ដែលនឹងកើតឡើងនៅសមុទ្រចិនខាងត្បូង ក្បែរភាគខាងត្បូងប្រទេសវៀតណាម ។ បន្ទាប់មក នៅថ្ងៃទី២-៥ ខែមេសា ឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតបង្ហូរ ។
ក្រសួងធនធានទឹក បញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឲ្យ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C និង សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤ °C ហើយនៅថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី២ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ តែចាប់ពីថ្ងៃទី៣-៥ ខែមេសា បរិមាណភ្លៀងនឹងចុះខ្សោយ ទន្ទឹមនោះសីតុណ្ហភាពអប្បបរមាក៏ចុះត្រជាក់បន្តិចបន្ថែមទៀត។
ចំពោះបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C និងសីតុណ្ហភាពអតិបរមា មានពី៣១-៣៤ °C ហើយនៅថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី២ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ តែចាប់នៅថ្ងៃទី៣-៥ ខែមេសា បរិមាណភ្លៀងនឹងចុះខ្សោយ ទន្ទឹមនោះសីតុណ្ហភាពអប្បបរមាក៏ចុះត្រជាក់បន្តិចបន្ថែមទៀត។
ដោយឡែក តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C និងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
ហើយនៅថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី២ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ តែចាប់ពីថ្ងៃទី៣-៥ ខែមេសា បរិមាណភ្លៀងនឹងចុះខ្សោយ៕