ថ្លែងនៅក្នុងឱកាសប្រគល់រថយន្តដឹកវ៉ាក់សាំងកូវីដ-១៩ ជូនមន្ទីរសុខាភិបាលរាជធានី-ខេត្ត នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានបញ្ជាក់ថា ឱសថ Molnupiravir សម្រាប់ពិសាតែពេលដែលបុគ្គលវិជ្ជមានវីរុសកូវីដ-១៩ តែប៉ុណ្ណោះ មិនមែនសម្រាប់បង្ការជំងឺកូវីដ-១៩ នោះទេ។
លោកជំទាវ បានពន្យល់ថា ៖ “មានបងប្អូនយើងខ្លះគាត់ខ្លាចកើតជំងឺកូវីដ-១៩ ដូច្នេះគាត់ក៏ទិញឱសថ Molnupiravir មកពិសាដើម្បីការពារខ្លួនពីការឆ្លង ដែលការធ្វើបែបនេះមិនត្រឹមត្រូវនោះទេ ហើយការធ្វើបែបនេះនឹងមិនអាចជួយអ្វីបានទាំងអស់ ថែមទាំងចំណាយថវិកាអត់ប្រយោជន៍ ហើយនឹងប៉ះពាល់ដល់សុខភាពផងដែរ។ ឱសថ Molnupiravir សម្រាប់ប្រើនៅពេលដែលបុគ្គលតេស្តវិជ្ជមានវីរុសកូវីដ-១៩ ហើយការផឹកថ្នាំនេះគឺដើម្បីព្យាបាល និងការពារការវិវត្តទៅរកភាពធ្ងន់ធ្ងរពីការវ៉ៃលុកដោយវីរុសនេះប៉ុណ្ណោះ។ ដូច្នេះសូមបងប្អូនត្រូវស្វែងយល់ និងប្រើប្រាស់ឱសថនេះឱ្យបានត្រឹមត្រូវ ព្រោះឱសថជាអាវុធមុខពីរ បើប្រើប្រាស់ត្រឹមត្រូវនោះវានឹងជួយសុខភាព តែបើប្រើប្រាស់ខុសវិញ វានឹងបំផ្លាញសុខភាព”។
លោកជំទាវ បានបន្ថែមផងដែរថា ការការពារការចម្លងវីរុសកូវីដ-១៩ មិនមែនដោយការប្រើប្រាស់ឱសថនោះទេ គឺបុគ្គលត្រូវអនុវត្តវិធានការ ០៣ការពារ និង០៣កុំ រួមជាមួយនឹងការចាក់វ៉ាក់សាំង ទើបជារឿងត្រឹមត្រូវ។
ដោយឡែកចំពោះឱសថបុរាណចិន Lianhua Qingwen ក៏នៅតែអាចប្រើប្រាស់បានផងដែរ ហើយក៏មានប្រសិទ្ធភាពប្រហាក់ប្រហែលនឹងឱសថ Molnupiravir បើសិនជាបងប្អូនមិនមានលទ្ធភាពទិញឱសថ Molnupiravir៕