ម្ចាស់មេដាយមាសផ្នែកប៉េតង់ឆ្នើមបស់កម្ពុជាកីឡាការិនី កែ ឡេង បានប្រកាសស្នើឱ្យដកវីដេអូមួយ ដែលប៉ះពាល់នឹងយកកិត្តសយរបស់ខ្លួនពាក់ព័ន្ធនឹងនយោបាយ។
ក្នុងសារលិខិតមួយចែកចាយតាមបណ្តាញសង្គមនៅថ្ងៃ៩កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២២នេះ វីរកីឡាការិនីប៉េតង់ឆ្នើមកម្ពុជា កែ ឡេង ម្ចាស់មេដាយមាសពិភពលោក៤ជំនាន់ បានស្នើឱ្យអង្គការតម្លាភាព ដកវីដេអូដែលសម្ភាសន៍លោកស្រីចេញពីកម្មវិធី « ស្រ្តីដែលមានឥទ្ធិពល នៅប្រទេសកម្ពុជាឆ្នាំ២០២១» ដោយសារភ្ជាប់ទៅនឹងរឿងនយោបាយ។ លិខិតរបស់លោកស្រី កែ ឡេង ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ បានផ្ញើជូននាយកប្រតិបត្តិ អង្គការតម្លាភាពនៃកម្ពុជា ដោយស្នើសុំដក និងហាមចាក់ផ្សាយវីដេអូសម្ភាសន៍របស់លោកស្រី ដោយការមើលឃើញពីចេតនា នៃការផ្សាភ្ជាប់លោកស្រីទៅនឹងសកម្មភាពនយោបាយ ដោយមិនមានការទទួលដឹងជាមុន។ លិខិតរបស់លោកស្រី កែ ឡែង បានសរសេរថា «ខ្ញុំបានទទួលលិខិតអញ្ជើញរបស់អង្គការតម្លាភាពកម្ពុជា ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ហើយក៏បានឃើញវីដេអូខ្លីសង្ខេបស្តីពី «ស្រ្តីដែលមានឥទ្ធិពលនៅប្រទេសកម្ពុជាឆ្នាំ២០២១» ដែលសមាសភាពស្ត្រីទាំង១០រូបនោះ ក៏មានសមាសភាពមកពីអតីតគណបក្សសង្គ្រោះជាតិផងដែរ (លោកស្រី មួរ សុខហួ)។ ក្នុងន័យនេះខ្ញុំសូមបញ្ជាក់ជូន លោកនាយកប្រតិបត្តិជ្រាបថា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ដែលខ្ញុំផ្តល់ដល់អង្គការតម្លាភាពនៃកម្ពុជា គឺធ្វើឡើងក្រោយក្រុមការងារតម្លាភាពកម្ពុជា បានទាក់ទងជាច្រើនដង ដោយបញ្ចុះបញ្ចូលធ្វើឱ្យខ្ញុំយល់ថា កិច្ចសម្ភាសន៍នេះ គឺដើម្បីតែលើកកម្ពស់ អបអរសាទរតម្លៃស្ត្រីកម្ពុជា ដោយមិនពាក់ព័ន្ធនឹងការងារនយោបាយណាមួយនោះទេ»។
ប្រភពដដែលបានបន្តថា ក្នុងន័យនេះ ដោយឃើញកម្រងវីដេអូ និងវេទិកាដែលរៀបចំដោយអង្គការរបស់លោក មានការផ្សាភ្ជាប់ច្រើនទៅនឹងសកម្មភាព ដូចបានបញ្ជាក់ខាងលើ ខ្ញុំស្នើសុំលោកនាយកប្រតិបត្តិដកចេញនូវវីដេអូសម្ភាសន៍របស់ខ្ញុំ និងហាមធ្វើការផ្សព្វផ្សាយទោះរូបភាពណាក៏ដោយ ហើយខ្ញុំក៏នឹងអាក់ខានក្នុងការចូលរួមពិធីសម្ពោធវីដេអូ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ខាងមុខនេះផងដែរ ៕