ប្រធានរដ្ឋបាលជលផលបានឱ្យដឹងថា ព្រៃលិចទឹកផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ជីវចម្រុះលើផែនដី ពិសេសជាជម្រកសុវត្ថិភាពសម្រាប់ត្រីពងកូន។
ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បាន ឱ្យដឹងថា ព្រៃលិចទឹកជាកត្តាសំខាន់សម្រាប់យើងទាំង អស់គ្នា ព្រោះវាជាជម្រកត្រីពងកូន ជាទីជម្រក និងផ្តល់ចំណីរបស់សត្វត្រី ជារនាំងបាំងនូវគ្រោះធម្មជាតិ រួមទាំងជាទីជម្រកស្នាក់អាស្រ័យរបស់សត្វស្លាបទឹកគ្រប់ប្រភេទ និងជាទីកន្លែងកម្សាន្តរបស់ភ្ញៀវទេសចរ ដែលជាប្រភពចំណូលរបស់បងប្អូនក្នុងមូលដ្ឋាន ។
ឯកឧត្តមបានបន្តថា ព្រៃលិចទឹកក៏ជាប្រភពផ្តល់នូវអុកស៊ីសែនដ៏សំខាន់សម្រាប់មនុស្សដកដង្ហើម ពិសេសក៏ជាឱសថបុរាណសម្រាប់ព្យាបាលជំងឺផងដែរ។ ឯកឧត្តមបន្តទៀតថា ដើម្បីរក្សាបាននូវនិរន្តរភាពព្រៃលិច ទឹកយើងត្រូវចេះធ្វើការថែរក្សា ការពារសម្បត្តិធនធានធម្ម ជាតិទាំងនេះ ឱ្យបានស្ថិតស្ថេរនិងគង់វង្ស ដែលជាផលប្រ យោជន៍សម្រាប់កូនចៅខ្លួនទៅថ្ងៃអនាគត ។
ព្រៃលិចទឹកនិងព្រៃកោងកាងនេះ គឺមានសារសំខាន់ខ្លាំងណាស់: ទី១ព្រៃលិច ទឹកគឺជាអាយុជីវិតនៃវិស័យជលផល ទី២ព្រៃលិចទឹកនិងព្រៃកោងកាងមានសារសំខាន់សម្រាប់ជីវៈចម្រុះបរិស្ថានសង្គម ដូចជាជាទីជម្រកចាំ បាច់ផ្តល់នូវប្រភពនៃចំណីកន្លែងពងកូនមច្ឆជាតិនិងជាជម្រករបស់បក្សី និងសត្វផ្សេងៗទៀត ហើយព្រៃលិច ទឹកគឺជារបាំងការពារព្យុះ ការហូរច្រោះដី។ ឯកឧត្តមបានបន្តទៀតថា បើសិនជាគ្មានព្រៃលិចទឹកនោះទេគឺវាអាចធ្វើឱ្យអាកាសធាតុប្រែប្រួលនាំឱ្យទឹកមានការហូរច្រោះដីដែលអាចធ្វើឱ្យបឹងនិងទន្លេងាយរងការគោករាក់ ពិសេសធ្វើឱ្យមច្ឆ ជាតិកាន់តែថមថយទៅពីមួយឆ្នាំទៅមួយឆ្នាំ។ សូមបញ្ជាក់ថា ព្រៃលិចទឹកបឹងទន្លេសាបហ៊ុមព័ទ្ធខេត្តចំនួន៦រួមមាន៖ ខេត្តបាត់ដំបង កំពង់ឆ្នាំង សៀមរាប បន្ទាយមានជ័យ ពោធិ៍សាត់ និងខេត្តកំពង់ធំ៕