(អាមេរិក)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Alphabet និងជាមេធំរបស់ Google បានប្រកាសឱ្យដឹងថា ខ្លួនបានទិញយក្រុមហ៊ុនផ្ដល់ សេវាកម្មសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធើណែតរបស់អ៉ីស្រាអែលមួយដែលមានឈ្មោះថា Siemplify ដើម្បីពង្រីកការផ្ដល់សេវាកម្មផ្នែកសន្តិសុខភាព និងសុវត្ថិភាពដល់អតិថិជន ខណ:ដែលបច្ចុប្បន្នការវាយប្រហារតាមអ៊ីនធើណែតកំពុងមានការ កើនឡើង។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមហ៊ុន Alphabet និង Siemplify បានចុះកិច្ចព្រម ព្រៀងក្នុងការទិញលក់ ប៉ុន្តែចំពោះទំហំទឹកប្រាក់នៃកិច្ចព្រមព្រៀងមិនត្រូវបានប្រកាសបង្ហាញជាសាធារណ: ឡើយ ខណ:ដែលប្រភពជិតស្និទ្ធបានបង្ហើបឱ្យដឹងថា Alphabet គឺបានចំណាយប្រហែលជា ៥០០លានដុល្លារអាមេរិកដើម្បីទិញក្រុមហ៊ុនអ៉ីស្រាអែលមួយនេះ។
កិច្ចព្រមព្រៀងនេះផងដែរ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Alphabet បានសន្យាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីខែសីហាឆ្នាំមុន ក្នុងការវិនិយោគ ១០ពាន់លានដុល្លារនៅក្នុងសន្តិសុខអ៊ីនធឺណិត ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ចំពេលមានការកើនឡើងគួរឱ្យកត់សម្គាល់នៃការវាយប្រហារតាមអ៊ីនធឺណិត និងការរំលោភបំពាន់ទៅលើទិន្នន័យ អ្នកប្រើប្រាស់។
ក្រុមហ៊ុន Siemplify បច្ចុប្បន្នត្រូវបានដឹកនាំដោយសហស្ថាបនិក និងជានាយកប្រតិបត្តិ Amos Stern ដោយបានផ្តល់ដំណោះស្រាយផ្នែកប្រព័ន្ធសុវត្ថិភាព ស្វ័យប្រវត្តិកម្ម និងដំណោះស្រាយជាច្រើនទៀត ដោយថ្មីៗនេះទទួលបានប្រាក់វិនិយោគបន្ថែមប្រមាណជា ៥៨លានដុល្លារពីអ្នកវិនិយោគ មកពីក្រុមហ៊ុន G20 Ventures និង 83North ។
ក្រោមកិច្ចព្រមព្រៀងនេះផងដែរ ក្រុមហ៊ុន Alphabet នឹងពង្រីកការផ្ដល់សេវាកម្ម Google Cloud ជាមួយនឹងប្រព័ន្ធសុវត្ថិភាពខ្ពស់របស់ Siemplify ទៅកាន់អតិថិជននៅជុំវិញពិភពលោក ដើម្បីធានាឱ្យបានថា ការប្រើប្រាស់សេវាកម្មរបស់ខ្លួននឹងមិនជួបហានិភ័យ។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ ២០២០មក ពោលគឺចាប់តាំងពីមានការផ្ទុះរិករាលដាល់នៃជំងឺកូវីដ១៩ បានធ្វើឱ្យក្រុមហ៊ុន Google Cloud រហូតចំណូលបានកើនឡើងទ្វេដង ជិត ៥ពាន់លានដុល្លារអាមេរិក៕