ពិធីបង្ហោះខ្លែង នៅស្រុកបន្ទាយស្រី គឺជាព្រឹត្តិការណ៍ដំបូង និងជាបុណ្យមួយក្នុងចំណោមបុណ្យ និងកម្មវិធីកំសាន្តនានា ដែលរដ្ឋបាលស្រុកបន្ទាយស្រីបានបង្កើតឡើង ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានបើកប្រទេសពេញលេញ និងចាប់ផ្តើមស្តារវិស័យទេសចរណ៍ឡើងវិញ បន្ទាប់ពីស្ថានភាពរងគ្រោះលើវិស័យនេះ ត្រូវបានអាកខានអស់រយ:ពេលជិតពីរឆ្នាំដោយវិបត្តិកូវីដ-១៩។ ការរៀបចំឱ្យមាននូវបុណ្យខ្លែងនេះឡើង គឺចង់បង្ហាញឲ្យឃើញថា អាជ្ញាធរស្រុកកំពុងខិតខំជម្រុញឲ្យមានបន្ថែមទៀតនូវសក្តានុពលទេសចរណ៍ក្រៅពីប្រាសាទ។
តាមរយៈបុណ្យខ្លែងនេះដែរ ពិតជាបានពញ្ញាក់អារម្មណ៍ ពីសំណាក់ភ្ញៀវក្នុងស្រុក និងមានភ្ញៀវបរទេសមួយចំនួនឱ្យមកចាប់អារម្មណ៍ និងរីករាយជាមួយកម្មវិធីដែលធ្លាប់តែធ្វើនៅតាមសហគមន៍ ភូមិ ស្រុកក្នុងរដូវរំហើយ ឱ្យក្លាយជាព្រឹត្តិការណ៍ត្រដុំត្រសង អ៊ូអរ និងខ្ញៀវខ្ញារ ដូចអ្វីដែលរដ្ឋបាលស្រុកបានគ្រោងទុក។ នេះបើតាមប្រសាសន៍ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងកាលពីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ក្នុងពេលបើកដំណើរការព្រឹត្តិការណ៍បុណ្យខ្លែងបន្ទាយស្រី នៅភូមិសសី ដែលជាភូមិបូរាណដែលមិនសូវបានគេស្គាល់។ តាមពិតភូមិនេះកាលពីដើមឡើយ ល្បីខាងផលិតកុលាលភាជន៍នាសម័យអង្គរ បានបន្សល់ស្លាកស្នាមនៅឡើយ ស្ថិតនៅតំបន់ជើងភ្នំ នៃឃុំត្បែង និងកៀកជិតទៅនឹងជួរភ្នំគូលែន ដែលថ្ងៃពេញបូរមី នៃខែខ្លះគេអាចគយគន់ព្រះច័ន្ទរះត្រដែតពីខាងក្រោយភ្នំយ៉ាងច្បាស់ផងដែរ ។
លោក ឃឹម ហ្វីណង់ បញ្ជាក់ថា៖ ការជ្រើសរើសយកភូមិសសី នៃឃុំត្បែង រៀបចំបង្កើតព្រឹត្តិការណ៍នេះ គឺដោយសារតែជាភូមិបូរាណនេះ មានភាពអំណោយផលទាំងពេលវេលា អំណោយផលទាំងទីតាំង និងនៅជាប់ជាមួយសម្រស់ធម្មជាតិ នៃជើងភ្នំគូលែនផងដែរ ដែលទាំងនេះ វាមិនទាមទារឲ្យមានភាពស្មុគស្មាញក្នុងការរៀបចំ និងមិនមានហានិភ័យខ្ពស់ទៅដល់ការព្រួយបារម្ភអំពីកូវីដ-១៩។ ជាពិសេសបងប្អូនអ្នកទេសចរអាចបោះតង់ និងស្នាក់អាស្រ័យពេលយប់ដោយក្តីសោមនស្សរីករាយផងដែរ។ ការបង្ហោះខ្លែងគឺជាល្បែងកំសាន្តរបស់ដូនតាខ្មែរតាំងពីបូរាណកាលមក និងបានដក់ជាប់ព្រមទាំងរក្សាទុកនៅក្នុងសង្គមខ្មែរជាប្រពៃណីប្រចាំរដូវកាល រហូតដល់បច្ចុប្បន្ន ។