សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេ ចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី២៩ នៅព្រឹកថ្ងៃ១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១នេះ នៅសាលសន្និសីទចតុម្មុខ ។
ក្នុងឱកាសនោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍សំណូមពរដល់ពុទ្ធសាសនិកជនទាំងអស់ មេត្តារួមគ្នាប្រតិបត្តិតាមព្រះពុទ្ធឱវាទរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូឱ្យបានខ្ជាប់ខ្ជួន តាមតួនាទី និងភារកិច្ចរបស់ខ្លួន ជាព្រះសង្ឃ ឬជាគ្រហស្ថ ឧបាសក ឧបាសិកា ដើម្បីទ្រទ្រង់ ថែរក្សាព្រះពុទ្ធសាសនាឱ្យបានរីកចម្រើន ព្រោះថា ព្រះពុទ្ធសាសនារីកចម្រើន ឬចុះអន់ថយ គឺអាស្រ័យលើពុទ្ធបរិស័ទទាំងអស់គ្នា។
ក្នុងសុន្ទរកថាបើកអនុសំវច្ឆរ មហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសឆ្នាំនេះដែរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិនបានសំណូមពរបន្តថា ចំណុចដែលសំខាន់មួយទៀតនោះ ថ្នាក់ដឹកនាំព្រះពុទ្ធសាសនាទាំងអស់ មេត្តាបន្តការប្រកាន់ខ្ជាប់នូវការយោគយល់គ្នា គោរពគ្នាតាមឋានានុក្រម សំដៅធ្វើឱ្យមានការឯកភាព សាមគ្គីភាព ក្នុងស្ថាប័នព្រះពុទ្ធសាសនាជាគំរូល្អសម្រាប់ពុទ្ធបរិស័ទ និងសូមព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ បន្តយកចិត្តទុកដាក់ស្វាធ្យាយរៀនសូត្រព្រះធម៌វិន័យ និងប្រតិបត្តិឱ្យសមជាស្រែបុណ្យ សម្រាប់ជាទីសក្ការៈរបស់ពុទ្ធបរិស័ទផងដែរ។
សម្តេចបានបញ្ជាក់ថា អនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេស ជាវេទិកាជួបជុំដ៏សំខាន់មួយ ដើម្បីផ្តល់នូវកាលានុវត្តភាពក្នុងការពិគ្រោះ ពិភាក្សា និងស្វែងរកដំណោះ ស្រាយលើបញ្ហាបច្ចុប្បន្នភាព ដែលជាកត្តាចាំបាច់សម្រាប់អនុវត្តន៍នាឆ្នាំបន្តបន្ទាប់។ ដោយ សារការរាតត្បាតជំងឺកូវីដ-១៩ កាលពីឆ្នាំ២០២០ អនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេស ពុំបានរៀបចំកម្មវិធីសន្និបាតនោះឡើយ។
សម្តេចប្រធានរដ្ឋសភា បានកោតសរសើរចំពោះក្រសួងធម្មការ និងសាសនា និងគណៈសង្ឃទាំងពីរគណៈ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាយ៉ាងសកម្ម ក្នុងការទ្រទ្រង់ដល់វិស័យព្រះពុទ្ធសាសនា ឱ្យមានការរីកចម្រើន ស្របទៅនឹងការវិវឌ្ឍរបស់សង្គមជាតិនៅគ្រប់កាលៈទេសៈ។
សម្តេចបានមានប្រសាសន៍បន្ថែមថា ស្របទៅនឹងការរីកចម្រើន ក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលប៉ះពាល់ដោយបច្ចេកវិទ្យាទំនើប បណ្តាញសង្គមដែលចាំបាច់ អ្នកពាក់ព័ន្ធទំាងអស់ ត្រូវយល់ឱ្យច្បាស់ ហើយចេះប្រើប្រាស់ឱ្យស្របតាមបរិការណ៍ នៃការរីកចម្រើនក្នុងវិស័យបច្ចេកវិទ្យាមួយនេះ។
សម្តេចបានសង្កត់ធ្ងន់ថា “ បើយើងចេះទាញប្រយោជន៍ពីបច្ចេកវិទ្យា នោះនឹងនាំប្រយោជន៍ដល់វិស័យសាសនា និងសង្គមជាតិ”។ សម្តេចមានក្តីសង្ឃឹមថា សម្ដេច សម្តេចព្រះសង្ឃនាយក សម្ដេចព្រះសង្ឃនាយករង ព្រះរាជាគណៈ ព្រះមេគណ ព្រះអនុគណ ព្រះចៅ អធិការ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសមាជិកានៃអង្គមហាសន្និបាតទាំងអស់ នឹងចូលរួមពិភាក្សា ចែករំលែក ផ្លាស់ប្តូរយោបល់ ផ្តល់ចំណេះដឹង បទពិសោធន៍រកឱ្យឃើញនូវចំណុចខ្លាំង ចំណុចខ្សោយ ដើម្បីសម្រេចបាននូវផែនការ និងគោលការណ៍រួម សមតាមគោលបំណង និងសំណូមពរ ដែលមហាសន្និបាតចង់បាន ៕ ដកស្រង់ពី៖ AKP