ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងត្រៀមរៀបចំពិធីបើកការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវ ជាតិលេខ ៤៨ ប្រវែងសរុប១៤៨គីឡូម៉ែត្រ ចាប់ផ្ដើមពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៤១ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ។
ថ្លែងក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈកម្មការសម្រាប់រៀបចំពិធីបើកការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ក្រោមឥណទាន សម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី១៦ ខែធ្នូ ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំឱ្យសមាជិក សមាជិកានៃគណៈកម្មការត្រៀមរៀបចំពិធីសហការគ្នាឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ផ្តល់ព័ត៌មានគ្នា ទៅវិញ ទៅមកឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីដោះស្រាយបញ្ហាប្រឈមដែលខ្លួនបានជួបប្រទះ ជាពិសេស ត្រូវអនុវត្តតាមតួនាទីនិងភារកិច្ច ដែលថ្នាក់ ដឹកនាំបានប្រគល់ជូន សំដៅធានាឱ្យពិធីបើកការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨នេះ បានប្រព្រឹត្តទៅដោយរលូន តាម ផែនការ ដែលបានគ្រោងទុក។
ជាលទ្ធផល អង្គប្រជុំបានសម្រេចឱ្យក្រុមការងារបច្ចេកទេស និងក្រុមការងារពាក់ព័ន្ធចុះទៅពិនិត្យទីតាំង សមស្របជាក់ស្តែងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ដើម្បីសិក្សាស្វែងយល់ទីតាំងភូមិសាស្ត្រសម្រាប់ការរៀបចំពិធីដែលអាចធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង បរិស្ថានល្អសម្រាប់អ្នកចូលរួម ផងដែរ។
គួរជម្រាបថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការងារត្រៀមរៀបចំពិធីរបស់គណៈកម្មការ និង អនុគណៈកម្មការនីមួយៗ ដើម្បីស្វែងរកដំណោះស្រាយចំពោះសំណូមពរ ក៏ដូចជាបញ្ហាប្រឈម មួយចំនួនដែលគណៈកម្មការ និង អនុគណៈកម្មការនីមួយៗបានជួបប្រទះអំឡុងពេលបំពេញការងាររបស់ខ្លួន។
សូមជម្រាបថា ពិធីបើកការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕