អាហារពេលព្រឹកជាអាហារដ៏សំខាន់បំផុតប្រចាំថ្ងៃខានមិនបានឡើយ ប៉ុន្តែឥឡូវនេះអ្នកជំនាញជឿថាការញ៉ាំវានៅពេលព្រឹកព្រហាមអាចជួយឱ្យអ្នកមានអាយុវែងផងដែរ។
ការស្រាវជ្រាវបានបង្ហាញថា ការញ៉ាំអាហារនៅមុនម៉ោង ៧ ព្រឹកអាចបង្កើនអាយុរំពឹងទុក ប៉ុន្តែការរង់ចាំរហូតដល់ម៉ោង ១០ ព្រឹកទើបញ៉ាំ អាចដាក់អ្នកនៅក្នុងផ្នូរឆាប់ជាងការគិត។
ក្រុមអ្នកវិទ្យាសាស្ត្រចង់ស្វែងយល់ថាតើពេលវេលានៃអាហារដំបូងប្រចាំថ្ងៃត្រូវបានផ្សារភ្ជាប់ទៅនឹងអាយុវែងដែរឬអត់។
ការស្រាវជ្រាវពីមុនបានរកឃើញថា ការញ៉ាំអាហារយប់ជ្រៅរំខានដល់នាឡិកាខាងក្នុងរាងកាយ និងបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទទី ២ និងជំងឺបេះដូង។ ប៉ុន្តែការសិក្សាមួយចំនួនតូចប៉ុណ្ណោះបានពិនិត្យមើលថាតើពេលវេលានៃអាហារពេលព្រឹកមានផលប៉ះពាល់ស្រដៀងគ្នានេះដែរឬអត់។
ដូច្នេះ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ City of New York បានតាមដានជនជាតិអាមេរិកជាង ៣៤.០០០ នាក់ដែលមានអាយុលើសពី ៤០ ឆ្នាំអស់រយៈពេលជាច្រើនទសវត្សរ៍។
អ្នកស្ម័គ្រចិត្ដបានកត់ត្រាពេលវេលានៃការញ៉ាំ ហើយអ្នកវិទ្យាសាស្ត្របានផ្គូរផ្គងវាជាមួយនឹងអត្រាមរណភាពក្នុងអំឡុងពេលនៃការសិក្សានេះ។
លទ្ធផល ដែលចេញផ្សាយនៅក្នុងទស្សនាវដ្តី Journal of Nutrition បានបង្ហាញថា អ្នកដែលញ៉ាំអាហារពេលព្រឹកចន្លោះពីម៉ោង ៦ ព្រឹកដល់ម៉ោង ៧ ព្រឹកគឺមានភាគរយស្លាប់មុនអាយុដោយសារជំងឺធ្ងន់ធ្ងរដូចជាជំងឺបេះដូងឬជំងឺមហារីកតិចជាងអ្នកដែលញ៉ាំអាហារពេលព្រឹកទៀងទាត់នៅម៉ោង ៨ ព្រឹកប្រហែល ៦ ភាគរយ និង ហានិភ័យនៃការស្លាប់មុនអាយុតិចជាងអ្នកផ្សេងទៀតដែលញ៉ាំអាហារនៅម៉ោង ១០ ព្រឹកប្រហែល ១២ ភាគរយ។
អ្នកវិទ្យាសាស្ត្រនិយាយថា ការរំលងអាហារពេលព្រឹកឬញ៉ាំវាយឺតយ៉ាវពេកធ្វើឱ្យរំខានដល់ “នាឡិកាអាហារ” របស់រាងកាយ ដែលជាកម្មវិធីខាងក្នុងរាងកាយដែលគ្រប់គ្រងការបញ្ចេញអ័រម៉ូនទាក់ទងនឹងការចិញ្ចឹមរាងកាយ ដូចជាអាំងស៊ុយលីនជាដើម។
អ័រម៉ូននេះជួយដុតរំលាយគ្លុយកូសពីសរសៃឈាម ហើយកម្រិតវាឡើងខ្ពស់នៅពេលព្រឹកព្រលឹម។
ការញ៉ាំអាហារពេលព្រឹកយឺតយ៉ាវពេកនាំឱ្យរាងកាយផលិតអាំងស៊ុយលីនបានតិចទៅៗ ហើយកម្រិតគ្លុយកូសក្នុងឈាមនឹងកើនឡើង នាំឱ្យកើតជំងឺទឹកនោមផ្អែម ជំងឺធាត់ និងជំងឺបេះដូង៕ ប្រភព ៖ Daily Mail