រាជធានីភ្នំពេញ ៖ អាជ្ញាធរខណ្ឌដូនពេញ ដឹកនាំដោយលោក សុខ ពេញវុធ ប្រធានគណៈបញ្ជាការឯកភាពខណ្ឌ នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ បានបិទផ្សារធំថ្មីមួយផ្នែក ដើម្បីប្រមូលអ្នកលក់បន្លែ និងគ្រឿងសមុទ្រ យក សំណាកស្វែងរកជំងឺកូវីដ១៩ ក្រោយរកឃើញថាមានអ្នកឆ្លងជាបន្តបន្ទាប់។
លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា ក្រោយរកឃើញមានអ្នកឆ្លងជំងឺកូវីដជាបន្តបន្ទាប់ និងដើម្បីទប់ស្កាត់កុំឲ្យជំងឺមួយនេះ ជាពិសេសប្រភេទមេរោគ បំប្លែងថ្មី Delta នោះអាជ្ញាធរខណ្ឌដូនពេញ បានសហការជាមួយមន្រ្តីសុខាភិបាល ចុះមកយកសំណាកបងប្អូនអាជីវករលក់បន្លែ និងគ្រឿងសមុទ្រនៅមួយផ្នែកនៃផ្សារធំថ្មី។
លោក ចាប ឌីណា បញ្ជាក់ថា គិតត្រឹមវេលាម៉ោងជាង៦ល្ងាចថ្ងៃម្សិលមិញ មនុស្សចំនួន២នាក់ ដែលជាពលរដ្ឋរស់នៅក្បែរផ្សារធំថ្មី ត្រូវបានរកឃើញមានវិជ្ជមានកូវីដ១៩ ហើយក្រុមគ្រូពេទ្យកំពុងតែយកបន្តទៀត មិនទាន់ចប់នៅឡើយទេ។
សូមបញ្ជាក់ថា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៤១១នាក់។ អ្នកជំងឺចំនួន៣០៦នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន១៧នាក់។
គិតថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៩១ ៣៦៩នាក់។ អ្នកជាសះស្បើយសរុបចំនួន៨៧ ២៩៩នាក់ និងអ្នកស្លាប់សរុបចំនួន ១ ៨៥៨នាក់៕