មនុស្ស ៥ នាក់បានលោតពីលើអគារផ្ទះល្វែងមួយក្នុងទីក្រុងយ៉ាងហ្គោនប្រទេសមីយ៉ាន់ម៉ា ដោយបណ្តាលឱ្យស្លាប់យ៉ាងតិច ២ នាក់ក្នុងចំណោមពួកគេ ក្នុងពេលរត់គេចពីការឆ្មក់ចាប់ខ្លួនពីសំណាក់កងកម្លាំងសន្តិសុខ ដោយញាំងឱ្យមានការថ្កោលទោសពីចំណោមមនុស្សដែលប្រឆាំងរបបយោធា។
យោធាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រីអ៊ុងសានស៊ូជីកាលពីខែកុម្ភៈ ហើយចាប់តាំងពីពេលនោះមកប្រទេសនេះបានធ្លាក់ចូលទៅក្នុងវិបត្តិ ដោយមានការតវ៉ាស្ទើរតែរាល់ថ្ងៃ និងការប្រយុទ្ធគ្នារវាងកងទ័ពនិងកងជីវពលដែលបង្កើតឡើងដោយពលរដ្ឋ។
ឧបទ្ទវហេតុកាលពីថ្ងៃអង្គារបានកើតឡើងនៅសង្កាត់បូតាថងនៃទីក្រុងយ៉ាងហ្គោន ដោយប្រព័ន្ធផ្សព្វផ្សាយនិយាយថា យ៉ាងហោចណាស់មនុស្សពីរនាក់បានស្លាប់ ខណៈដែលអ្នកផ្សេងទៀតរងរបួសធ្ងន់ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
សារព័ត៌មាន Myanmar Now បានបង្ហាញរូបថតមនុស្សបីនាក់ដេកគ្មានចលនានៅលើផ្លូវឌឿងហែមមួយ ខណៈវិទ្យុអាស៊ីសេរីដែលឧបត្ថម្ភដោយសហរដ្ឋអាមេរិកបាននិយាយថា អ្នកទាំង ៥ ដែលជាប់ពាក់ព័ន្ធក្នុងហេតុការណ៍នេះមានបុរស ៤ នាក់ និងស្ត្រីម្នាក់បានស្លាប់។
BBC Burmese និង Myanmar Now បាននិយាយថាអ្នកទាំង ៥ បានលោតពីជាន់ទី ៣ ។
លោក Tin Zaw ជាឪពុករបស់ជនរងគ្រោះម្នាក់បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីថា កូនប្រុសអាយុ ២៧ ឆ្នាំរបស់គាត់ត្រូវបានកម្លាំងសន្តិសុខចាប់ខ្លួនកាលពីខែកុម្ភៈ ប៉ុន្តែដោយមានជំនួយរបស់គាត់ រូបគេក៏ត្រូវបានដោះលែង។
គាត់បាននិយាយថាកូនប្រុសរបស់គាត់មិនដែលចាប់អារម្មណ៍នឹងនយោបាយមុនពេលរដ្ឋប្រហារនោះទេ ប៉ុន្តែចាប់តាំងពីការដណ្តើមអំណាចដោយយោធា រូបគេបានព្យាយាមប្រឆាំងនឹងរបបយោធា។
លោក Tin Zaw បាននិយាយថា “មិនមានអង្គការធំណាមួយនៅពីក្រោយគាត់ទេ” ដោយបន្ថែមគាត់មោទនភាពចំពោះកូនប្រុសរបស់គាត់៕