(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានបន្តដឹកនាំក្រុមការងារនាំយកអំណោយជាគ្រឿងឧបភោគបរិភោគដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មកឧបត្ថម្ភជូនប្រជាពលរដ្ឋ ចំនួន១០០គ្រួសារ នៅតំបន់បិទខ្ទប់ជាប់ពាក់ព័ន្ធអ្នកជំងឺកូវីដ១៩ ប្រភេទថ្មី (ដែលតា) ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។
សកម្មសមធម៌របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយះលោក ជា ពិសី នេះបានធ្វើឡើងស្ថិតនៅតំបន់បិទខ្ទប់កំណាត់ផ្លូវ៩៣ ក្រុមទី៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១។
ស្ថិតក្នុងឱកាសនេះ លោក ជា ពិសី បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខផងដែរ ពីសំណាក់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការឱ្យប្រជាពលរដ្ឋ យកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អប្រសើរ តាមរយះការធ្វើអនាម័យស្អាតជានិច្ច ដើម្បីចៀសផុតពីជំងឺដ៏កាចសាហាវកូវីដ-១៩ និងជំងឺកូវីដ បម្លែងខ្លួនថ្មី (ឌែលតា)។
លោកអភិបាលខណ្ឌឫស្សីកែវ បញ្ជាក់ថា តាមសេចក្ដីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ នៅក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ ត្រូវបានហាមឃាត់រាល់ការចេញ-ចូល និងរាល់ការជួបជុំឬ ការប្រមូលផ្តុំមនុស្ស ក្នុងទីតាំងខាងលើលើកលែងតែករណីចំបាច់ប៉ុណ្ណោះ ដូចជា៖
* ការចេញ-ចូល ដោយមូលហេតុសុខភាពបន្ទាន់
* ការចេញ-ចូល ដើម្បីផ្តល់វត្ថុសំណាកធ្វើតេស្តរកជំងឺកូវីដ-១៩ តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន
* ការវិលត្រឡប់ទៅលំនៅឋាន ឬ ទីសំណាក់របស់ខ្លួនវិញរបស់បុគ្គល ដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក និងអ្នកជំងឺចេញពីមន្ទីរពេទ្យ ឬ កន្លែងសម្រាកព្យាបាល ចូលក្នុងទីតាំងបិទខ្ទប់ ដោយមានការសម្របសម្រួល របស់អាជ្ញាធរមានសមត្ថកិច្ច
* ការចេញ-ចូល និងការជួបជុំរបស់បុគ្គលិកសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីអនុវត្តវិធានការសុខាភិបាល ក្នុងការស្រាវជ្រាវ ទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនូវមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នៅក្នុងសហគមន៍
* ការចេញ-ចូល និងការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីផ្គត់ផ្គត់គ្រឿងឧបភោគ-បរិភោគចាំបាច់ក្នុងអំឡុងពេលបិទខ្ទប់
* ការចេញ-ចូល និងការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ៕