ព្រះសិរ (ក្បាល) នៃទេវៈ ដែលជាផ្នែកមួយនៃរូបសំណាកកូរសមុទ្រទឹកដោះត្រូវបានក្រុមការងារជួសជុល ការដ្ឋានខ្លោងទ្វារតាកាវ ប្រទះឃើញក្នុងដី ពីក្រោមដើមឈើធំមួយដុះសង្កត់ពីលើ មើលទៅគួរឲ្យសង្វេគពន់ពេក ស្រណោះដល់ស្នាដៃដូនតាខ្មែរសម័យមហានគរ។
នេះគឺជាការរកឃើញថ្មីមួយថែមទៀតរបស់ អាជ្ញាធរជាតិអប្សរា បន្ទាប់ពីកន្លងមកក្រុមការងារបានរកឃើញក្បាលយក្សចំនួន០៣នៅពេញល្អ ឯក្បាល០៣ទៀតមានត្រឹមតែពាក់កណ្ដាល។ ចំពោះ ដងខ្លួនអសុរៈបានរកឃើញចំនួន០៤។ រីឯព្រះសិរទេវតាបានរកឃើញចំនួន០៣ ក្នុងនោះចំនួន០២នៅពេញល្អ និង០១ទៀតមានត្រឹមពាក់កណ្ដាលស្មាដល់បបូរមាត់។
ខ្លោងទ្វារតាកាវ គឺជាខ្លោងទ្វារមួយ ក្នុងចំណោមខ្លោងទ្វារទាំង៥ នៃក្រុងអង្គរធំ ដែលស្ថិតនៅទិសខាងលិច នៃប្រាសាទបាយ័ន។ ខ្លោងទ្វារនេះ ត្រូវបានធ្វើពិធីក្រុងពាលី បើកការដ្ឋានជួសជុលគោបុរៈខ្លោងទ្វារអង្គរធំ ហៅ ខ្លោងទ្វារតាកាវ ដែលមានសភាពទ្រុឌទ្រោមខ្លាំង កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ។
ខ្លោងទ្វារតាកាវសង់អំពីថ្មភក់ និងថ្មបាយក្រៀម ដែលមានកំពូលរូបព្រហ្មមុខបួនចំនួន៣ នៅពីលើ កំពូលកណ្ដាលមានកម្ពស់រហូតដល់២៣ម៉ែត្រ។ រីឯតាមចំណុចកែងនៃខ្លោងទ្វារ មានរូបព្រះឥន្ទគង់លើដំរីក្បាលបី ហើយនៅខាងលិចមានស្ពានហាលដែលមានលម្អដោយរូបទេវតា និងយក្សទាញព្រ័ត្រ (កូរសមុទ្រទឹកដោះ)៕