ភ្នំពេញ ៖ កញ្ចប់បារីនឹងមានសារព្រមានសុខភាពថ្មី, ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១តទៅ ហើយកញ្ចប់បារីទាំងអស់ដែលចរាចរណ៍លើទីផ្សារត្រូវតែមានសារព្រមានថ្មីជារូបភាពនិងជាអក្សរ ដែលបានកំណត់ដោយក្រសួងសុខាភិបាល។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) ចេញផ្សាយនាថ្ងៃទី២០ កក្កដា ឆ្នាំ២០២១នេះ។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា យោងតាមប្រកាសរបស់ក្រសួងសុខាភិបាល សារព្រមានសុខភាពត្រូវផ្ដាស់ប្ដូររៀងរាល់២ឆ្នាំម្ដង។ អនុលោមតាមប្រកាសនេះក្រសួងសុខាភិបាល បានជូនដំណឹងនិងផ្ដល់រូបភាពថ្មីដល់ក្រុមហ៊ុនថ្នាំជក់ តាំងពីខែធ្នូ ឆ្នាំ២០២០ ដែលមានរយៈពេល៩ខែ គិតដល់ថ្ងៃកំណត់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១។
ការរឹតបន្តឹងការបោះពុម្ពសារព្រមានសុខភាពជារូបភាពលើកញ្ចប់បារីឱ្យបានទៀងទាត់ ជំរុញអ្នកជក់បារីឱ្យផ្ដាច់បារី និង បង្ការស្រី្ត យុវជន និងកុមារ កុំឱ្យចាប់ផ្ដើមជក់បារី។ ការផ្ដាច់បារីរបស់ប្រជាពលរដ្ឋ រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ពីព្រោះការជក់បារីបង្កើនឱកាសនៃការឆ្លងជំងឺនេះ ហើយប្រសិនបើអ្នកជក់ឆ្លងជំងឺនេះ គាត់នឹងប្រឈមគ្រោះថ្នាក់ធ្ងន់ធ្ងរជាងអ្នកមិនជក់។
ប្រកាសព័ត៌មានបន្តថា មានការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តជាច្រើនបង្ហាញថា ការដាក់សារព្រមានសុខភាពជារូបភាពលើកញ្ចប់ផលិតផលថ្នាំជក់ ជាវិធានការអប់រំដែលមានប្រសិទ្ធភាពខ្ពស់។ ជាក់ស្ដែងការសិក្សានៅប្រទេសថៃឆ្នាំ២០១៨ អំពីប្រសិទ្ធភាព នៃសារព្រមានសុខភាពជារូបភាពមានទំហំ ៨៥ភាគរយនៃកញ្ចប់បារីបានបង្ហាញថា «រូបភាពព្រមានសុខភាពធំ មានប្រសិទ្ធភាពខ្ពស់ក្នុងការបង្កើនភាពភ័យខ្លាចនិងបង្ការការផ្ដើមជក់បារីក្នុងចំណោមអ្នកមិនជក់បារី» រីឯក្នុងចំណោមអ្នកជក់បារី រូបភាពព្រមានសុខភាពធំ មានប្រសិទ្ធភាពធ្វើឱ្យមានការភ័យខ្លាច និងធ្វើឱ្យអ្នកជក់មានបំណងផ្ដាច់បារី (Sirichotiratana, Sujirarat, et al, 2018)។
ស្រដៀងនេះដែរ ការសិក្សាមួយរបស់ក្រសួងសុខាភិបាលអូស្រាលី អំពីប្រសិទ្ធភាពនៃកញ្ចប់បារីលាត បានបង្ហាញថា កញ្ចប់បារីដែលដាក់សារព្រមានសុខភាពរូបភាព មិនមានការរចនាលំអនានាលើកញ្ចប់បារី មានប្រសិទ្ធភាពធ្វើឱ្យអ្នកប្រើប្រាស់ថ្នាំជក់យល់ដឹងពីផលប៉ះពាល់នៃការជក់បារី ធ្វើឱ្យអ្នកជក់បារីចាប់ផ្ដើមព្រួយបារម្មណ៍អំពីសុខភាពរបស់ខ្លួននិងធ្វើឱ្យអ្នកជក់បារីមានបំណងផ្ដាច់បារី (Essence, 2018)។
ទោះជាបែបនេះក្តី ប្រសិទ្ធភាពនៃសារព្រមានសុខភាព និង ថយចុះដោយសារតែភាពស៊ាំនឹងរូបភាពដដែលៗក្នុងរយៈពេលវែង ហេតុនេះហើយបានជាក្រសួងសុខាភិបាលបានកំណត់ឱ្យមានការផ្លាស់ប្ដូរសារព្រមានជារូបភាពថ្មីរៀងរាល់២ឆ្នាំម្ដង។ ការខកខានការផ្លាស់ប្តូរសារព្រមានសុខភាពនឹងធ្វើឱ្យការប្តេជ្ញាចិត្តឈប់ជក់បារីរបស់ប្រជាពលរដ្ឋថយចុះ។
ថ្នាំជក់ជាផលិតផលដែលមានគ្រោះថ្នាក់ដោយហេតុថា ពាក់កណ្ដាលនៃអ្នកប្រើប្រាស់ថ្នាំជក់ ធ្លាក់ខ្លួនឈឺ ពិការ និងស្លាប់មុនអាយុកំណត់។ ប្រជាពលរដ្ឋកម្ពុជាប្រមាណ១៥០០០ នាក់បានស្លាប់ជារៀងរាល់ឆ្នាំដោយសារជំងឺបង្កពីការប្រើប្រាស់ថ្នាំជក់។ ថវិកាប្រមាណ ១,៤ ទ្រីលានដុល្លារអាមេរិក ត្រូវបានខាតបង់ដោយសារការប្រើប្រាស់ថ្នាំជក់ (WHO FCTC Investment Case for Cambodia, 2019)៕