ភ្នំពេញ៖ យោងតាមអនុសាសន៍របស់ ប្រមុខរាជរដ្ធាភិបាលកម្ពុជា សម្តេចតេជោ នាយករដ្ឋមន្រ្តី បានអនុញ្ញាតឱ្យដំណើរការឡើងវិញ គ្រប់ប្រភេទកីឡា ជាពិសេស ពហុកីឡាដ្ធានជាតិអូឡាំពិក ក៏ត្រូវបើកដំណើរការជាធម្មតាវិញ ក្រោយព្រឹត្តការណ៍ ៣វិច្ឆិកាត្រូវបានបញ្ចប់ដោយលទ្ធផលតេស្តអវិជ្ជមានជំងឺ កូវីដ-១៩ ។
មានកីឡាជាច្រើនប្រភេទដែលត្រូវរៀបចំ ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិនាអំឡុងខែវិច្ឆិកានេះ បានប្រកាសលើកពេល ដោយក្រសួងអប់រំយុវជននិងកីឡា ចេញសេចក្តីប្រកាសឱ្យផ្អាករាល់ការប្រមូលផ្តុំ សកម្មភាពកីឡាគ្រប់ប្រភេទ ក្រោយពេលដែលកម្ពុជា ជួបនូវព្រឹត្តការណ៍៣វិច្ឆិកាកន្លងមកនេះ។
យ៉ាងណាក៏ដោយ កីឡាដែលលើកពេលរៀបចំការប្រកួតទាំងនោះ បានកែសម្រួលនូវសេចក្តីប្រកាស របស់ខ្លួនឡើងវិញ អំពីការបរិច្ឆេទប្រកួតសាជាថ្មី នាអំឡុងខែវិច្ឆិកា និង ខែធ្នូខាងមុខដដែល។
បើយោងតាម ប្រសាសន៍របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ការផ្អាកការហ្វឹកហាត់ជាលើកទីពីររបស់ក្រុមកីឡាករជម្រើសជាតិថ្នាល និងឈុតធំ ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ តិច ឬច្រើន នឹងធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា។ បញ្ហានេះ បានបង្កជាក្តីកង្វល់សម្រាប់ថ្នាក់ដឹកនាំកីឡាកម្ពុជាក្នុងដំណើរឆ្ពោះត្រៀមទៅស៊ីហ្គេមឆ្នាំ២០២១ នៅវៀតណាម និងការត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។ ប៉ុន្តែយើងធ្វើយ៉ាងម៉េច បើវាជាស្ថានភាព ដែលយើងត្រូវគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល។
បើគ្មានការប្រែប្រួលទេ នៅដើមឆ្នាំ២០២១ ខាងមុខនេះ កម្ពុជានឹងបញ្ជូនកីឡាករកីឡាការិនីជាង១០០នាក់ ដើម្បីទៅហ្វឹកហាត់នៅប្រទេសចិនរយៈពេលវែង។ ប៉ុន្តែគម្រោងនេះ អាចដំណើរទៅបានតាមការគ្រោងទុក លុះត្រាតែស្ថានភាពនៃការឆ្លងរីករាលនៃជំងឺកូវីដ-១៩ នៅលើពិភពលោកមានភាពធូរស្បើយ៕