ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ បានចាត់ឲ្យ លោកជំទាវ ម៉ែន នារីសោភ័គ និងសហការី ចុះសួរសុខទុក្ខនិងលេីកទឹកចិត្ត ព្រមទាំងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនកុមារាចំនួន៣នាក់ ដែលរស់នៅក្នុងគ្រួសារក្រីក្រ បានចូលរួមប្រកួតកីឡាប្រណាំង កង់នៅទីលាន ទួលម៉ូតូហោះព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
កុមារទាំង៣នាក់នោះរស់នៅ ភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានឈ្មោះ ៖ ១ ពេជ្រ ធារ៉ា អាយុ ១៣ឆ្នាំ, ២ សុវណ្ណ សាលី អាយុ ១៤ឆ្នាំ និង៣ ឈិន ភារម្យ អាយុ ៩ឆ្នាំ ។ កុមារាទាំង៣ រស់នៅជាមួយអាណាព្យាបាល ដែលស្ថិតក្នុងស្ថានភាពក្រខ្សត់ ។
សូមជម្រាបថា អំណោយដែលទទួលបាន ដេីម្បីជួយសម្រាល ផ្នែកជីវភាពគ្រួសារ របស់កុមារាទាំង៣នាក់ នេះ កាកបាទក្រហមកម្ពុជា បានឧបត្ថម្ភដល់គ្រួសារកុមារ នីមួយៗទទួលបាន ៖ អង្ករ ១០០គីឡូក្រាម, មី ២កេស, ត្រីខ ២០កំប៉ុង, ឃីត (មុង ភួយ សារុង ក្រមា អាវយឺត) ១ឃីត, កញ្ចប់អាហារ ១កញ្ចប់, កាបូបស្ពាយ ១ និងថវិកា ៥០០.០០០រៀល៕