ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាក់ថា បានបញ្ជាឲ្យមន្ទីរសាធារណការរាជធានីភ្នំពេញ ធ្វើការទប់ទំនប់ជុំវិញ ហើយប្រើម៉ាស៊ីនបូមទឹកចេញពីតំបន់ត្រពាំងថ្លឹងឱ្យអស់ ខណៈដែលបុរីនៅតំបន់នេះ កំពុងតែទទួលរងការលិចលង់នៅឡើយ។ ជាមួយនេះ បន្ទាប់ពីបូមទឹកស្រកអស់ហើយ លោកនឹងបញ្ជាឱ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញបាញ់ថ្នាំសម្លាប់មេរោគ និងសត្វល្អិតនៅក្នុងបុរីនេះផងដែរ ដើម្បីសុខមាលភាពប្រជាពលរដ្ឋ។
ការបញ្ជាក់របស់លោក ឃួង ស្រេង បានធ្វើឡើងនាល្ងាចថ្ងៃទី១៩ ខែតុលា ខណៈដែលលោកដឹកនាំអាជ្ញាធរដែនដី និងមន្ទីរជំនាញចុះពិនិត្យមើលស្ថានភាព ប្រឡាយបង្ហូរទឹកទួលពង្រ រហូតដល់បុរីត្រពាំងថ្លឹង១ ដើម្បីរកគ្រប់មធ្យោបាយ កុំឱ្យមានការលិចលង់ទៀត។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ មិនមែនមិនខ្វាយខ្វល់ មិនជួយប្រជាពលរដ្ឋដែលលិចលង់ដោយទឹកជំនន់ទឹកភ្លៀងនៅក្នុងខណ្ឌពោធិ៍សែនជ័យនោះទេ។ ដោយសារ តែក្នុងរយៈប្រមាណមួយសប្តាហ៍នេះ អាជ្ញាធររាជធានីភ្នំពេញ និងកម្លាំងប្រដាប់អាវុធ បានប្រើកម្លាំងសរុបទាំងអស់ ដើម្បីជួយទៅដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកស្ទឹងព្រែកត្នោត ដោយនៅទីនោះ អាចមានគ្រោះថ្នាក់ធ្ងន់ធ្ងរជាងប្រជាពលរដ្ឋដែលលិចលង់ដោយជំនន់ទឹកភ្លៀងនៅក្នុងខណ្ឌពោធិ៍សែនជ័យនេះ ។
លោក បញ្ជាក់ថា គ្រាន់តែនៅក្នុងសង្កាត់ចំនួន១២ក្នុងខណ្ឌដង្កោ គឺមានសង្កាត់ចំនួន ៩ទៅហើយ ដែលទទួលរងនូវការលិចលង់ដោយជំនន់ទឹកស្ទឹងព្រែកត្នោត។
លោក បន្តថា ខណៈដែលទឹកស្ទឹងព្រែកត្នោត កំពុងតែគំរាមកំហែងនៅសង្កាត់មួយចំនួនក្នុងខណ្ឌដង្កោនេះ គឺអាជ្ញាធររាជធានីភ្នំពេញ សហការជាមួយកងកម្លាំងប្រដាប់អាវុធ ពិសេសកងកម្លាំងទាហាន បានប្រើគ្រឿងចក្រជាច្រើនគ្រឿងដើម្បីទប់ទឹក តែមិនអាចទៅរួច ទើបដកថយ យកកម្លាំងមកជម្លៀស ប្រជាពលរដ្ឋដែលលិចលង់ មកកាន់ទីទួលសុវត្ថិភាព ហើយកិច្ចការនេះ ទទួលបានជោគជ័យហើយ។
ក្រោយពីស្ថានភាពនៅក្នុងខណ្ឌដង្កោ បានធូរស្រាលហើយនោះ ទើបលោកមានឱកាស ងាកមកជួយប្រជាពលរដ្ឋដែលលិចលង់លំនៅឋានដោយជំនន់ទឹកភ្លៀងនៅខណ្ឌពោធិ៍សែនជ័យនាពេលនេះ។
លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា ចំពោះកិច្ចការងារចំពោះមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ធ្វើការសិក្សាឲ្យបានច្បាស់លាស់ ក្នុងភូមិសាស្ត្រនេះ ពោលគឺត្រូវដាក់លូរបៀបណា ទប់ទំនប់របៀបយ៉ាងណា ដើម្បីរំដោះទឹកចេញ ។
សូមបញ្ជាក់ថា ក្រោយពីការខិតខំប្រឹងប្រែងពីសំណាក់អាជ្ញាធរខណ្ឌ ក៏ដូចជាមន្ទីរពាក់ព័ន្ធ ឃើញថា ទឹកតំបន់នេះ បានស្រកប្រមាណ ៣តឹកហើយ ប៉ុន្តែប្រជាពលរដ្ឋមិនអាចរស់នៅកើតទេ ដោយសារតែទឹកនេះ វាមានក្លិនស្អុយទៅហើយ ដែលដាច់ខាតត្រូវតែទប់ និងបូមទឹកសំអុយនេះចេញឱ្យអស់។
ក្នុងឱកាសនោះដែរ លោកឃួង ស្រេង ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំរំលោភប្រឡាយបង្ហូរទឹក ការរំលោភប្រឡាយនេះហើយ ធ្វើឲ្យស្ទះចរន្តទឹកហូរ ទើបបណ្តាលឱ្យលិចលង់លំនៅឋានប្រជាពលរដ្ឋ។ សម្រាប់ការងារចំពោះមុខ អាជ្ញាធររាជធានីភ្នំពេញ នឹងការពារប្រឡាយឱ្យបានគង់វង្ស ជាមួយនឹងការស្ដារប្រឡាយជាប្រចាំ ជៀសសវាងនូវការលិចលង់ដោយជំនន់ទឹកភ្លៀងទៀត៕