ពោធិ៍សាត់៖ កម្ពស់ទឹកស្ទឹងពោធិ៍សាត់ បានហក់ឡើងខ្លាំងលើសកម្រិតប្រកាសអាសន្ននៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ បន្ទាប់ពីមានភ្លៀងធ្លាក់ទាំងយប់ទាំងថ្ងៃជាប់ៗគ្នារយ:ពេល៣-៤ថ្ងៃ នៅឯជួរភ្នំក្រវាញ។
ក្នុងស្ថានភាពបែបនេះ ផ្លូវថ្នល់ និងលំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋ ក្នុងសង្កាត់មួយចំនួននៃក្រុងពោធិ៍សាត់ ព្រមទាំងលំនៅដ្ឋានប្រជាពលរដ្ឋរស់នៅតាមបណ្តោយដងស្ទឹងពោធិ៍សាត់ ក៏ត្រូវជំនន់ទឹកស្ទឹងនេះហៀរមកលើផ្លូវផងដែរ។
ចំពោះការធ្វើដំណើររបស់បងប្អូន ដោយម៉ូតូ និងរថយន្តតូចៗ មិនអាចធ្វើចរាចរណ៍បានទេ។
ជាមួយគ្នានេះ លោកម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងប្រធានគណបញ្ជាការឯកភាពខេត្ត បានដឹកនាំកម្លាំងសរុប និងមធ្យោបាយសរុបដោយប្រើប្រាស់ការុង និងខ្សាច់ចុះជួយអន្តរាគមន៍ទប់ទំនប់តាមមាត់ស្ទឹង ដែលទឹកហៀរមកលើផ្លូវ ចាប់ពីចំណុចក្បាលហុងដល់ស្រុកកណ្តៀង ដែលស្ថានភាពធ្ងន់ធ្ងរជាងកន្លែងផ្សេង។ ក្នុងឪកាសនោះដែរ លោកអភិបាលខេត្ត ក៏បានសំណូមពរ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋត្រូវប្រុងប្រយត្ន័ ក្នុងស្មារតីម្ចាស់ការ ចំពោះកូនចៅ និងទ្រព្យសម្បត្តិនានា ជៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត ឬបាត់បង់ខូចខាតបណ្តាលមកពីជំនន់ទឹកភ្លៀវនេះ។
សូមបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលជំនន់ទឹកស្ទឹងពោធិ៍សាត់ បានបង្ករការប៉ះពាល់ដល់ផលដំណាំ ផ្លូវថ្នល់ និងលំនៅដ្ឋានប្រជាពលរដ្ឋក្នុងស្រុកភ្នំក្រវាញ ក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង ដែលមានស្ថានភាពធ្ងន់ធ្ងរ ប្រហាក់ប្រហែល និងលើកទី១ កាលពីថ្ងៃទី២១-២២ខែកញ្ញាឆ្នាំ២០២០កន្លងទៅ។
តាមការឲ្យដឹងពីលោកកែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានឱ្យដឹងថា កម្ពស់ទឹកថ្ងៃទី០៩ ខែតុលានេះ នៅឯស្ទឹងវាលវែង មានកម្ពស់ ៥.៦០ម កម្រិតប្រកាសអាសន្ន១០.០០ម ស្ទឹងក្រវាញ កម្ពស់ ៥.៦៦ម កម្រិតប្រកាសអាសន្ន ៦.០០ម និងស្ទឹងនៅក្រុងពោធិ៍សាត់ កម្ពស់៥.៤២ម ហើយកម្រិតប្រកាសអាសន្ន ៥.០០ម៕