ភ្នំពេញ៖ មានករណីឃាតកម្មចាប់រំលោភក្មេងស្រីរួចជនដៃដល់បានធ្វើសកម្មភាពអារកបំបិទមាត់ ដែលជារូបភាពសាហាវយង់ឃ្នង។ ករណីនេះបានកើតឡើងកាលពីនៅវេលាម៉ោង ៤រសៀល ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងបន្ទប់ជួលមួយកន្លែងស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្មេងស្រីម្នាក់នោះ ត្រូវបានឃាតកអារកសម្លាប់រហូតដល់ស្លាប់ទាំងអាក្រាតកាយ ហើយត្រូវបានគេសង្ស័យថា អាចត្រូវបានជនដៃដល់រំលោភរួចទើបសម្លាប់បំបិទមាត់ជាក្រោយ។ សមត្ថកិច្ចបានឱ្យដឹងថា ក្មេងស្រីរងគ្រោះដែលស្លាប់នៅក្នុងថ្លុកឈាមគួរឱ្យសង្វេក និងមានឈ្មោះពេញ ស្រីពេជ្រ អាយុ១៤ឆ្នាំជាសិស្សសាលាវិទ្យាល័យជម្ពូវ័ន មានបងប្អូនចំនួន៤នាក់ហើយនាងគឺជាកូនទី៤ មានឪពុកអាយុ៥០ឆ្នាំ មុខរបររត់ម៉ូតូកង់បី និងម្តាយអាយុ៤៥ឆ្នាំ មុខរបរកម្មការនីរោងចក្រ មានស្រុកកំណើត នៅក្នុងភូមិដីក្រហម ឃុំសំភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា ម្ដាយរបស់នាងបានឈប់សម្រាកពីការងារចំនួន៤ថ្ងៃមកហើយ និងនៅមុនពេលកើតហេតុគាត់បាននាំកូនស្រីរងគ្រោះរូបនោះទៅលេងផ្ទះអ្នកជិតខាងដែលស្ថិតនៅជិតបន្ទប់ស្នាក់នៅរបស់គាត់នោះដែរ។ ក្រោយមកស្រាប់តែមេឃជិតភ្លៀង គាត់បានឱ្យកូនស្រីទៅប្រមូលខាអាវដែលហាលទុក ចំណែកគាត់មិនបានទៅតាមនោះទេ រហូតរាំងភ្លៀង១ម៉ោងក្រោយមក ក៏គាត់នៅតែមិនទាន់ត្រឡប់ទៅមើលកូនស្រីដែរ ប៉ុន្តែមានយុវជនម្នាក់ដែលត្រូវជាក្មួយបានដើរទៅមើលស្រាប់តែប្រទះឃើញកូនស្រីគាត់ដេកស្លាប់អាក្រាតកាយនៅក្នុងថ្លុកឈាមបាត់ទៅហើយ។
រំពេចនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅកាន់កន្លែងកើតហេតុភ្លាមៗធ្វើការតាមជំនាញ និងបានរាយការណ៍ជូនកម្លាំងនគរបាលការិយាល័យបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះធ្វើកោសល្យវិច័យ និងធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។