តារាកំប្លុកកំប្លែង ម៉ាដូណា នៅដើមសប្ដាហ៍នេះបាននិយាយនៅក្នុងកម្មវិធីបើកសម្ពោធហាងពេជ្រមួយកន្លែងនៅម្ដុំពេទ្យលោកសង្ឃថា លោកចង់ជួបជាមួយជាងដែលធ្វើរូបចម្លាក់ដាក់នៅវត្តមានមួយ មានមុខមាត់ស្ទើរដូចបេះបិទទៅនឹងមុខមាត់លោក។
ម៉ាដូណា ថ្លែងបែបនេះ ក្រោយប្រមាណ១សប្ដាហ៍មុនមានការភ្ញាក់ផ្អើលនៅលើបណ្ដាញសង្គម ដែលគេបានឃើញប្រិយមិត្តជាច្រើនបានចែកចាយរូបចម្លាក់នៅក្នុងវត្តមួយដែលភិនភាគ គឺមុខមាត់ដូចតារានិយមកំប្លុកកំប្លែងរូបនេះបេះបិទតែម្ដង ស្របពេលប្រិយមិត្តខ្លះបានភ្ជាប់ជាមួយ Caption លេងសើចថា “វិចិត្រករអើយកុំបាច់គូរអី” ។ រូបភាពនោះ បានធ្វើឲ្យប្រិយមិត្តជាច្រើនភ្ញាក់ផ្អើល និងហួសចិត្ត ក្នុងសូម្បីតែសាមីខ្លួនក៏ភ្ញាក់ផ្អើលដូចគ្នា។
“ហាហា ខ្ញុំឃើញដែរ ហើយមានគេផ្ញើឲ្យមើលទៀត ឃើញហើយអស់សំណើច គឺដូចមែន ដូចបេះបិទតែម្ដង បើដូចរូបណាគ្រាន់តែតិចទៅមិនអីទេ តែនេះដូចស្វាបាប៊ូ ហាហា ពេលខ្លះមើលមុខខ្លួនឯងដូចយ័ន្ត ៨ទិស(សើច)!”។
លោក ម៉ាដូណា បានប្រតិកម្មតាំងពីបានឃើញរូបនេះដំបូង ដោយលោកចេញមកថ្លែងលើបណ្ដាញសង្គមរបស់លោកថា “គ្រាន់តែឃើញភ្លាម ម៉ាដូណា បានប្រតិកម្មតាមរបៀបលេងសើចថា “នៅតែមិនយល់ ហេតុអ្វីជាងឆ្លាក់រូបមួយនេះ មានគោលបំណងអ្វីឲ្យច្បាស់លាស់ ម្ដេចហ៊ានយករូបកំពូលសម្រស់មកឆ្លាក់តាមបែបនេះ(សើច)”។”
“បាទ ខ្ញុំចង់ជួបគាត់…មិនមែនចង់ជួបធ្វើអីទេ គឺចង់ជួបហើយសួរគាត់ថា គាត់ហ្វេនខ្ញុំ ឬក៏លួច Crush ខ្ញុំមែន? បើមិនមែនចាំខ្ញុំ Crush គាត់វិញ ហាហា!”។
និយាយពីរូបចម្លាក់ដែលជាស្នាដៃរបស់ជាងចម្លាក់អាថ៌កំបាំងមានច្រើន មានទាំងរូបមនុស្ស មានទាំងរូបសត្វជាច្រើន។ ចំណុចដែលកត់សម្គាល់ គឺរូបស្ទើរទាំងអស់ មានភិនភាគកាត់មករកលោក ម៉ាដូណា ហើយបានធ្វើឲ្យមានភាពល្បីល្បាញមួយរយៈកន្លងមកនេះ។ យ៉ាងណាមកទល់នឹងពេលនេះ ទាំងជាងចម្លាក់ និងអត្តសញ្ញាណនៃវត្តមានរូបចម្លាក់ទាំងនោះ នៅជាអាថ៌កំបាំងនៅឡើយ៕ ប្រភព៖ Sabay