ភ្នំពេញ ៖ សំណង់ផ្ទះល្វែងមួយកន្លែង កំពុងដំណើរការ សាងសង់ ស្រាប់តែកម្មករម្នាក់បានឆក់ចរន្តអគ្គីសនីស្លាប់ បង្កការភ្ញាក់ផ្អើលកាលពីវេលា ម៉ោង៧និង៤៥នាទីព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ នៅខាងត្បូងជាប់ស្តុបទួលពង្រ ភូមិត្រពាំងថ្លឹងទី១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សាកសពជនរងគ្រោះមានឈ្មោះ សុខ ទិត្យ ភេទប្រុស អាយុ២៥ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតភូមិឈូក ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ។
ប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ កម្មកររងគ្រោះ បាន ឡើងលើរន្ទាទៅជាន់ទី២ ដើម្បីលាបថ្នាំបង្កាន់ដៃផ្ទះល្វែង ខណៈដែលសំណង់ផ្ទះល្វែងមួយនេះ សង់កៀកជាប់នឹងខ្សែកាប ពេលនោះជនរងគ្រោះ ឈរជាន់ប៉ះចំខ្សែកាបភ្លើង បណ្តាលឲ្យឆក់ស្លាប់តែម្ដង។ ភ្លាមៗសាច់ញាតិមិនអស់ចិត្ត ក៏បាន ហៅក្រុមសង្គ្រោះទៅជួយ នៅតែមិនអាចសង្គ្រោះបាន ។ បន្ទាប់មកមេការ បានព្យាយាមឲ្យកម្មករ យកស័ង្កសីមកបិទបាំពីខាងមុខ រួចរុំសាកសព ដឹកសាកសព យកចេញក្រៅ តែត្រូវបានសាច់ញាតិ និង សមត្ថកិច្ចមូលដ្ឋានឃាត់រារាំង ឲ្យទុករង់ចាំសមត្ថកិច្ច ជំនាញចុះពិនិត្យសិន ។
សាកសពក្រោយកើតហេតុ ប្រពន្ធមកដល់បានត្រឹមស្រែកទ្រហោរយំ ទាំងក្តីសោកសៅ ទុក្ខវិប្បដិសេរីក្នុងគ្រួសារ ហើយរងចាំជំនាញពិនិត្យ កោសល្យវិច័យមុននឹងដឹកសពទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕