ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០នេះថា ស្រ្តីជនជាតិវៀតណាមម្នាក់ និងកូនប្រុសអាយុ១៣ ឆ្នាំ កាលពីថ្ងៃទី១៦ ខែសីហា កន្លងទៅនេះ ពិតជាបានរត់ចេញពីមណ្ឌលចត្តាឡីស័ក នៅក្នុងមន្ទីរពេទ្យបង្អែកព្រះស្តេច ខេត្តព្រៃវែង មកកាន់ខេត្តកំពង់ឆ្នាំង ប្រាកដមែន ។ ប៉ុន្តែត្រូវបានរកឃើញ និងតម្រូវឱ្យធ្វើចត្តាឡីស័កម្តងទៀតឡើងវិញ។
អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ សង្កត់ធ្ងន់ថា ស្ត្រីជនជាតិវៀតណាមខាងលើនេះ ជាអ្នករស់នៅនៅភូមិប្រាសាទ(ភូមិថ្មី) ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានចាកចេញពីកម្ពុជាមុនពេលចូលឆ្នាំខ្មែរ ទៅរស់នៅទល់ដែនកម្ពុជា-វៀតណាម ឌិញបា (តាមគាត់ប្រាប់) ហើយដោយសារ មិនអាចរកស៊ីបាននៅទីនោះ គាត់ក៏បានត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០។ នៅវេលាម៉ោងប្រហែល ជា០៥ព្រឹក ពេលចូលដល់កម្ពុជា គាត់និងកូនគាត់ ត្រូវបានក្រុមការងារនៅមាត់ច្រកព្រំដែនអន្តរជាតិបន្ទាយចក្រី ធ្វើការត្រួតពិនិត្យសុខភាព ដែលមិនមានរោគសញ្ញា ឬបញ្ហាសុខភាពណាមួយ ដែលគួរឲ្យកត់សម្គាល់នោះឡើយ ។
លោកស្រី ឱ វណ្ណឌីន បន្តថា ដោយអនុវត្តវិធានការសុខាភិបាល ក្រុមគ្រូពេទ្យបានដឹកស្ត្រី និងកូននេះ តាមរថយន្តពេទ្យ មកធ្វើចត្តាឡីស័កនៅក្នុងមន្ទីរពេទ្យបង្អែកព្រះស្តេចនៃខេត្តព្រៃវែង។ នៅម៉ោងប្រហែលជា០០ និង៣០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ ក្រុមគ្រូពេទ្យបានទៅពិនិត្យមើលស្ថានភាពរបស់គាត់ ឃើញមានសភាពធម្មតា ហើយនៅម៉ោង០៥ និង៣០នាទីព្រឹក ក្រុមគ្រូពេទ្យបានទៅពិនិត្យម្តងទៀត តែមិនឃើញស្ត្រីរូបនេះ និងកូនគាត់នៅក្នុងបន្ទប់ឡើយ។ ដូច្នេះស្រ្តីជនជាតិវៀតណាមរូបនេះ បានសម្រេចចិត្តនាំកូនចាកចេញពីមន្ទីរពេទ្យនេះ តាំងពីមុនម៉ោង ០៥ និង៣០ព្រឹកនៃថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ ដោយមិនប្រាប់ក្រុមគ្រូពេទ្យយាមប្រចាំការនៅក្នុងមន្ទីរពេទ្យនេះទេ។
បើយោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ដែលទទួលបាននៅវេលាម៉ោង១៨ និង០០នាទីនៃថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០នេះ បានបង្ហាញថា ស្ត្រីរូបនេះ និងកូនប្រុសខាងលើ បានចាកចេញពីមន្ទីរពេទ្យព្រះស្តេចនៃខេត្តព្រៃវែង នៅវេលាម៉ោងប្រហែលជាជិត ០៥ព្រឹកនៃថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ រួចបានឡើងឡានក្រុង មករាជធានីភ្នំពេញ និងប្រហែលជាម៉ោងជាង០៨ព្រឹក បានបន្តដំណើរដោយរថយន្តឈ្នួល មកខេត្តកំពង់ឆ្នាំង មកដល់ក្បាលថ្នល់សែបម៉ោងប្រហែលជាង១០ព្រឹកនៃថ្ងៃដដែល និងបានបន្តទៅភូមិប្រាសាទ ដែលជាទីកន្លែងដែលគាត់រស់នៅដោយម៉ូតូឌុប។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ទៀតថា ស្ត្រីរូបនេះក៏បានអះអាងផងដែរថា នៅផ្ទះរបស់គាត់ គឺគាត់មិនបានជួបជាមួយបងប្អូនគាត់ទេ ដោយរូបគាត់ និងកូនប្រុស ត្រូវបានរថយន្តមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដឹកមកដល់មណ្ឌលចត្តាឡីស័កកម្រិត២សាលាគំរូក្រុង ប្រហែលម៉ោង ១៧:៣០នាទី នៃថ្ងៃដដែល។ ក្រុមការងារបានពិនិត្យកំដៅគាត់ និងកូនគាត់ ឃើញធម្មតា គ្មានសញ្ញាក្អក ឈឺក ឬ ហត់ ដែលគួរឲ្យចាប់អារម្មណ៍នោះឡើយ។ ក្រុមការងារ នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងក៏បានអប់រំ និងណែនាំពន្យល់ស្ត្រីរូបនេះ ក្នុងការអនុវត្តធ្វើចត្តាឡិស័កឲ្យគ្រប់ចំនួន១៤ថ្ងៃ ដោយរាប់សារឡើងវិញ និងដោយមានការសន្យាថាមិនរត់ទៀតទេ។
បន្ថែមពីនេះទៅទៀត លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា ក្រុមការងារ និងបន្តការអនុវត្តច្បាប់ ដែលមានជាធរមាន ចំពោះបុគ្គលដែលមិនគោរពតាមវិធានការចត្តាឡីស័កនេះ។ សូមបញ្ជាក់ជូនផងដែរថា លទ្ធផលតេស្តលើកទី១ របស់គាត់ និងកូនគាត់ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ គឺអវិជ្ជមានវីរុសកូវីដ-១៩ ទាំងពីរនាក់ តែក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង កំពុងបន្តតាមដានសុខភាពគាត់ និងកូនគាត់ដោយយកចិត្តទុកដាក់បំផុត៕