(ភ្នំពេញ)៖ លោក Conor Nestor គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានបង្ហាញអារម្មណ៍សប្បាយរីករាយបំផុត ដែលកូនក្រុមគ្មានអ្នករបួស ក្រោយជំនួបដ៏ធំជាមួយវិសាខា ហើយត្រូវជួបក្រុមណាហ្គាវើលដ៏ ដែលជាការប្រកួតដ៏ធំដូចគ្នា ក្នុងសប្ដាហ៍ទី១១ នៃលីគកំពូលកម្ពុជា នាល្ងាចថ្ងៃទី០៨ ខែសីហានេះ នៅកីឡដ្ឋានស្ដាតចាស់។
គ្រូបង្វឹកសញ្ជាតិអៀរឡង់រូបនេះ បញ្ជាក់ថា «ទាក់ទងសប្ដាហ៍នេះ ការហ្វឹកហាត់របស់យើង គឺមិនស្រាលមិនធ្ងន់នោះទេ ដោយសារតែសប្ដាហ៍មុន យើងធ្វើការងារធ្ងន់ហើយ យើងសប្បាយចិត្តបំផុត ដោយសារតែសប្ដាហ៍នេះ មិនមានកីឡាកររបួសទេ ។ កីឡាកររបស់យើង គឺនៅជុំគ្នាទាំងអស់ នេះគឺជាអ្វីដែលខ្ញុំសប្បាយរីករាយបំផុត» ។
យ៉ាងណាមិញលោកក៏បានយកចិត្តទុកដាក់ ចំពោះក្រុមលោក មាស ចាន់ណា ដែលជាក្រុមតែមួយគត់ ធ្វើឲ្យព្រះខ័នរាជស្វាយរៀង ស្គាល់ចាញ់កាលពីឆ្នាំ២០១៩ នេះដែរ ពិសេសកីឡាករ ២រូប ដែលលោក Conor Nestor ចាត់ទុកជាអាវុធដ៏មុតស្រួចរបស់ណាហ្គាវើលដ៏ និងគ្រោះថ្នាក់សម្រាប់ក្រុមខ្លួន គឺកីឡាករ Marcio និង Yuta ។
សូមរំឭកថា ក្រុមទាំងពីរ ធ្លាប់ជួបគ្នាជាច្រើនលើកមកហើយ ដោយលទ្ធផលមានឈ្នះ-ចាញ់ទៅវិញទៅមក ប៉ុន្ដែកាលពីរដូវកាលមុន ជើងទី១ ប្រកួតនៅទឹកដីស្វាយរៀង បានត្រឹមស្មើគ្នា ០-០ តែជើងទី២ ប្រកួតនៅកីឡដ្ឋានស្ដាតចាស់ ព្រះខ័នរាជស្វាយរៀង បានចាញ់ណាហ្គាវើលដ៏ ២-១ ហើយក៏ជាការបរាជ័យតែមួយគត់ ក្នុងចំណោម ២៦ប្រកួតរបស់លោក Conor Nestor មុនលើកពានផងដែរ៕