ថៃ ៖ រាជរដ្ឋាភិបាលថៃ សម្រេចបើកច្រកព្រំដែនជាមួយខ្មែរ និងជិតខាងទាំងអស់ ដើម្បីបន្តការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន កាលពីថ្ងៃទី០១ ខែកក្កដា ម្សិលមិញ។ នេះបើយោងតាមមជ្ឈមណ្ឌលសម្រាប់រដ្ឋបាលស្ថានការណ៍ Covid-19 ថៃ ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី ប្រាយុធចាន អូចា។
អ្នកនាំពាក្យមជ្ឈមណ្ឌលសម្រាប់រដ្ឋបាលស្ថានការណ៍ Covid-19 ថៃ លោក Thaweesilp Visanuyothin បានថ្លែងកាលពីថ្ងៃច័ន្ទថា រាជរដ្ឋាភិបាលថៃ បានសម្រេចចិត្តបើកច្រកព្រំដែនសរុបចំនួន៣៧កន្លែង នៅតាមព្រំដែនជាមួយមីយ៉ាន់ម៉ា ឡាវ កម្ពុជា និងម៉ាឡេស៊ី ដើម្បីឱ្យទំនិញអាចដឹកជញ្ជូនបាន ហើយឈ្មួញអាចត្រូវបានអនុញ្ញាត ឱ្យឆ្លងកាត់ព្រំដែន ក្រោយពីការរីករាលដាលនៃជំងឺ Covid-19 នៅប្រទេសថៃ មានការធ្លាក់ចុះ ។
តែសម្រាប់ភ្ញៀវទេសចរមកពីប្រទេសជិតខាង មិនត្រូវបានអនុញ្ញាតឱ្យចូលទឹកដីថៃ តាមរយៈច្រកព្រំដែនទាំងនេះទេ៕