ម្ចាស់មេដាយមាសពិភពលោក៤ជំនាន់ជាប់ៗគ្នា លោកស្រី កែ ឡេង សម្រេចចិត្តលាឈប់ពីអាជីពកីឡាប៉េតង់ហើយ។
បើតាម Page Cambodia Sea Games 2023 បានបញ្ជាក់ថាម្ចាស់មេដាយមាសជើងឯកពិភពលោក៤ជំនាន់ជាប់ៗគ្នា វីរកីឡាការិនី កែ ឡេង បានប្រកាសលាឈប់ពីអាជីពកីឡាប៊ូល និងប៉េតង់កម្ពុជាហើយ ដោយសារបញ្ហាសុខភាពរបស់លោកស្រីថាមិនអាចទ្រាំទ្រតទៅមុខទៀតបាន។
ថ្លែងប្រាប់ក្រុមការងារព័ត៌មាន CAMSOC, លោកស្រី កែ ឡេង បន្ថែម ទៀតថា ការសម្រេចចិត្តលាឈប់ពីវិស័យកីឡាប៉េតង់នេះ គឺអាស្រ័យដោយស្ថានភាពសុខភាពរបស់លោកស្រីផ្ទាល់ចុះខ្សោយមិនអាចបន្តស៊ូទ្រាំនឹងការហ្វឹកហាត់ ដើម្បីត្រៀមការប្រកួតតទៅមុខទៀតបាន។
ស្ថិតនៅក្នុងវ័យ ៥៧ឆ្នាំ លោកស្រី កែ ឡេង បានអះអាងទៀតថា បច្ចុប្បន្នវ័យកាន់តែចាស់ទៅ ហើយពុំអាចបន្តការចូលរួមប្រកួតលើឆាកអន្តរជាតិ ដណ្តើមកិត្យានុភាពជាតិ មេដាយមាស ដូចកាលពីមុនៗទៀតឡើយ ពីព្រោះការត្រៀមចូលរួមប្រកួតម្តងៗ ត្រូវតែមានការ ហ្វឹកហាត់យូរម៉ោង ក្នុង១ថ្ងៃៗ។
ម្យ៉ាងទៀតលោកស្រីក៏ជាប់រវល់ច្រើននៅអង្គភាពរបស់ខ្លួនក្រោមចំណុះក្រសួងការពារជាតិ ក្នុងឋានៈជាមន្ត្រីយោធាផ្កាយពីរ។ ទោះយ៉ាងនេះក្តី ក៏លោកស្រីមិនទាន់បញ្ជាក់ថា ក្រោយពីបញ្ចប់អាជីពកីឡាការិនីប៉េតង់ ដ៏ឆ្នើមបំផុតរបស់កម្ពុជារូបនេះអាចទៅធ្វើជាគ្រូបង្វឹក ឬយ៉ាងណានោះដែរ។ កន្លងមក វីរកីឡាការិនីប៉េតង់កម្ពុជា លោកស្រី កែ ឡេង ដែលលេចធ្លោយ៉ាងខ្លាំងលើវិញ្ញាសាវាយយកពិន្ទុតែងតែប្រាប់ថា ការហ្វឹកហាត់ និងការប្រកួតលក្ខណៈ អន្តរជាតិម្តងៗ លោកស្រីសម្លឹងមើលគោលដៅ (ប៊ី) ដើម្បីវាយឲ្យចំគោលដៅ ហើយលោកស្រីតែងតែទទួលបានការកោតសរសើរពីមហាជនថា ម្ចាស់មេដាយមាស៤ជំនាន់ជាប់ៗគ្នារបស់ពិភពលោករូបនេះ វាយចំគោលដៅបានយ៉ាងល្អបំផុត ដោយមិនទាន់មានកីឡាការិនីអន្តរជាតិណាម្នាក់បំបែកកំណត់ត្រា គ្រប់គ្រងម្ចាស់មេដាយមាសពីការប្រកួតជើងឯកពិភពលោករហូតដល់៤សម័យកាលជាប់ៗគ្នាបែបនេះឡើយ។ លោកស្រីបន្ថែមថា មកដល់ពេលនេះលោកស្រីមិនទាន់សម្លឹងឃើញមានកីឡាការិនីប៊ូល និងប៉េតង់កម្ពុជាណា ម្នាក់អាចស្នងដំណែងរបស់លោកស្រីបាននៅឡើយទេ។