(ឡុងដ៍)៖ កីឡាករខ្សែបម្រើស្លាប Callum Hudson-Odoi ត្រូវបានប៉ូលីសនៅអង់គ្លេសឃាត់ខ្លួន ដោយត្រូវបានរាយការណ៍មកថា មានការជាប់ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈនាពេលថ្មីៗនេះ។
កីឡាករអង់គ្លេសដែលទើបមានវ័យ ១៩ឆ្នាំដែលកំពុងលេងឲ្យក្លិបតោខៀវ Chelsea ខាងលើនេះ ត្រូវបានប៉ូលីសធ្វើការឃាត់ខ្លួនភ្លាមៗ ក្រោយពេលស្រ្តីមិនស្គាល់ឈ្មោះម្នាក់បានទូរសព្ទប្តឹងប៉ូលីសនៅវេលាម៉ោង ០៣៖៥៣នាទីទៀបភ្លឺ (ម៉ោងនៅទីក្រុងឡុងដ៍) ឈានចូលព្រឹកថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២០ ដោយក្នុងនោះ ក៏មានការជាប់ពាក់ព័ន្ធនឹង Odoi ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ភ្លាមៗនោះដែរ ក្រុមសង្គ្រោះបន្ទាន់ក៏បានធ្វើដំណើរមកដល់កន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួន Odoi ក្រោយពេលស្រ្តីរងគ្រោះក៏ត្រូវបានបញ្ជូនទៅមន្ទីរផងដែរ។ ស្រ្តីរងគ្រោះបានចូលរួមក្នុងកម្មវិធីជប់លៀងមួយនៅផ្ទះរបស់ Odoi។ នេះបើយោងតាមសេចក្តីរាយការណ៍មួយផ្សេងទៀត។
នៅពេលនេះ Callum Hudson-Odoi ត្រូវបានដោះលែងវិញហើយ និងរង់ចាំសួរចម្លើយម្តងទៀតនៅពាក់កណ្តាលខែមិថុនា ឆ្នាំ២០២០ ខាងមុខ គ្រាដែលក្លិបតោខៀវ Chelsea នៅពុំទាន់មាន Comments ណាមួយនៅឡើយទេ៕