ក្រុមហ៊ុន Toyota Motor Corp បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងប្រមូលយានយន្តចំនួន ៣,៤ លានគ្រឿងនៅទូទាំងពិភពលោកត្រឡប់មកវិញ ដោយសារតែបញ្ហាអេឡិចត្រូនិច ដែលអាចបណ្តាលឱ្យពោងសុវត្ថិភាពមិនរលាស់ឡើងពេលមានគ្រោះថ្នាក់។
ការហៅត្រឡប់មកវិញ ដែលរួមមានរថយន្តចំនួន ២,៩ លានគ្រឿងនៅសហរដ្ឋអាមេរិក គឺមានរថយន្តម៉ាកដូចជា Corola ឆ្នាំ ២០១១-២០១៩, Matrix ឆ្នាំ ២០១១-២០១៣, Avalon ឆ្នាំ ២០១២-២០១៨ និង Avalon Hybrid ឆ្នាំ ២០១៣-២០១៨។
រថយន្តទាំងនេះអាចមានផ្នែកបញ្ជាអេឡិចត្រូនិចណាមួយគ្មានការការពារគ្រប់គ្រាន់ប្រឆាំងនឹងសំឡេងអគ្គិសនីរំខាន ដែលអាចកើតឡើងក្នុងពេលមានគ្រោះថ្នាក់ ហើយអាចបណ្តាលឱ្យពោងសុវត្ថិភាពមិនដំណើរការពេញលេញឬមិនរលាស់។
ស្របពេលដូចគ្នានេះដែរ ក្រុមហ៊ុន Honda ក៏ហៅរថយន្តស៊េរីចាស់ ២,៤ លានគ្រឿងពីសហរដ្ឋអាមេរិកត្រឡប់មកវិញដែរ ដើម្បីជំនួសពោងសុវត្ថិភាព Takata ដែលមានបញ្ហា។ រថយន្ត ដែលត្រូវហៅមកវិញ មានម៉ាក Honda និង Acura ផលិតពីឆ្នាំ ១៩៩៦ ដល់ ២០០៣៕ ប្រភព ៖ CNN