(ភ្នំពេញ)៖ ទីបំផុតទៅ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង បានប្រកាសក្នុងសន្និសីទកាសែត នៅព្រលប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ថា វិទ្យាស្ថាន Pasteur ទើបតែបានបញ្ជាក់នៅថ្ងៃនេះថា បុរសជនជាតិចិនម្នាក់ ដែលបានធ្វើដំណើរចូលមកក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ មានផ្ទុកមេរោគរលាកសួត កូរ៉ូណា វីរុស ប្រភេទថ្មី។
គិតត្រឹមថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅប្រទេសចិន អ្នកស្លាប់ដោយជំងឺរលាកសួត កូរ៉ូណា វីរុស ប្រភេទថ្មីនេះ បានកើនដល់ ៨០នាក់ រីឯអ្នកឆ្លងវិរុសដ៏សាហាវនេះ កើនលើស ២៧០០ករណីហើយ។ ក្នុងនោះ ប្រទេសជាង ១០ផ្សេងទៀត ក៏កើតមានជំងឺរលាកសួត កូរ៉ូណា វីរុស ដូចជា នៅថៃ និងវៀតណាម ជាដើម៕