(ប៉េកាំង)៖ អត្រាអ្នកស្លាប់ដោយជំងឺផ្លូវដង្ហើម ឈ្មោះ កូរ៉ូណា នៅក្នងប្រទេសចិន នាព្រឹកថ្ងៃទី២៧ ខែមករានេះ បានកើនដល់៨០នាក់ ខណៈអត្រាអ្នកឆ្លងមេរោគនេះ កើនឡើងរាប់ពាន់នាក់។
យោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន RT របស់រុស្ស៊ីបានឲ្យដឹងថា អ្នកជំងឺ២៤អ្នកទៀត នៅខេត្តហ៊ូប៊ី បានស្លាប់ នៅព្រឹកនេះ ចំណែកអត្រាអ្នកឆ្លងមេរោគ កើនដល់២៥០០ករណី។
កាលពីម្សិលមិញ មន្ដ្រីសហរដ្ឋអាមេរិកបានប្រាប់អ្នកកាសែតថា រដ្ឋាភិបាលកំពុងរៀបចំជើងហោះហើរពិសេសមួយ ដើម្បីជម្លៀសមន្ដ្រីទូតចេញពីទីក្រុងវូហាន ប្រទេសចិន ដែលជាទីតាំងជំងឺផ្លូវដង្ហើមប្រភេទថ្មីបានផ្ទុះឡើង ហើយបច្ចុប្បន្នការធ្វើដំណើរចេញចូលកំពុងស្ថិតក្រោមការរិតត្បិតយ៉ាងតឹងរឹង។ នេះបើយោងតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNN។
រដ្ឋាភិបាលសហរដ្ឋអាមេរិក មានកិច្ចសន្យាជាមួយភ្នាក់ងារដឹកជញ្ជូន ដើម្បីជម្លៀសអ្នកការទូតប្រមាណ៣០រូប និងក្រុមគ្រួសាររបស់ពួកគេ ដើម្បីចាកចេញពីស្ថានកុងស៊ុលអាមេរិកប្រចាំទីក្រុងវូហាន ប្រទេសចិន។
ប្រភពដដែលបានឱ្យដឹងថា ស្ថានកុងស៊ុលត្រូវបានបិទជាស្ថាពរ ហើយមន្ដ្រីទូតអាមេរិកទាំងអស់កំពុងត្រៀមចាកចេញពីទីក្រុងតាមជើងហោះហើរពិសេស៕ ផាន់ អាណា