កោះកុង៖ ត្រីកាម៉ុង ជាត្រីសមុទ្រមួយប្រភេទ ត្រូវបានពលរដ្ឋកម្ពុជា ទទួលស្គាល់ថា មាននៅតែក្នុងខេត្តចំនួន៤ ជាប់សមុទ្រនៃប្រទេសកម្ពុជា គឺខេត្តកោះកុង កំពត កែប និងខេត្តព្រះសីហនុ។ ត្រីសមុទ្រមួយប្រភេទនេះ កំពុងទទួលរងហានិភ័យខ្ពស់ពីការនេសាទ ខុសច្បាប់របស់ក្រុមឈ្មួញខិលខូចមួយចំនួន ស្របពេលដែលវាកំពុងពងកូន។
មន្ត្រីជលផលនៃមន្ទីរកសិកម្មខេត្តកោះកុង អះអាងថា ប្រភេទត្រីកាម៉ុងបច្ចុប្បន្ន កំពុងប្រឈមនឹងការនេសាទខុសច្បាប់ គ្រប់រដូវកាល ជាហេតុនាំឲ្យផលត្រីប្រភេទនេះកាន់តែថមថយទៅៗ។
ពាក់ព័ន្ធនឹងការបង្កើតតំបន់គ្រប់គ្រងដែនជម្រកសុវត្ថិភាពត្រីកាម៉ុង នៅថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០២០ រដ្ឋបាលខេត្តកោះកុង បានចេញសេក្តីជូនដំណឹងស្តីពីការបិទនេសាទត្រីកាម៉ុង ក្នុងដែនជម្រកសុវត្ថិភាពត្រីកាម៉ុងនៅពាមក្រសោប។ ការចេញសេក្តីជូនដំណឹងនេះ ធ្វើឡើងក្រោយពេលដែលមន្ត្រីជំនាញជលផល ចុះធ្វើការណែនាំដល់ប្រជានេសាទ ទាំងអស់ហាមមិនឲ្យធ្វើការនេសាទនៅជុំវិញ និងក្នុងដែនជម្រកនេះឡើយ ដោយសារកំលុងពេលនេះជារដូវកាលត្រីកំពុងពងកូន។
ក្នុងរដូវធ្លាក់ខ្យល់ត្រជាក់ តម្លៃត្រីកាម៉ុងនៅលើទីផ្សារតែងតែមានការហក់ឡើងខ្ពស់ជារៀងរាល់ឆ្នាំ សម្រាប់ពេលនេះតម្លៃនៅលើទិផ្សារ ១៥.០០០រៀល ក្នុងមួយគីឡូក្រាម នៅលើទីផ្សារខេត្តកោះកុង។
លោក ឡាង គីរី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកោះកុង ប្រាប់ឲ្យ ស៊ីអិនស៊ី ដឹងនៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ថា ក្រោយពិនិត្យឃើញថា ប្រភេទត្រីកាម៉ុង កាន់តែមានការថមថយខ្លាំង ក្រុមការងារសហគមន៍ ជំនាញជលផល នៃមន្ទីរកសិកម្ម សហការនិងរដ្ឋបាលខេត្ត សម្រេចបិទការនេសាទត្រីកាម៉ុង ក្នុងដែនជម្រកសុវត្ថិភាពត្រីកាម៉ុងនៅពាមក្រសោប រយៈពេល ៤ខែ ចាប់ពីថ្ងៃទី០១ ខែធ្នូ ដល់ថ្ងៃទី៣១ ខែមិនាឆ្នាំ២០២០ បន្ទាប់ពីសិក្សាឃើញថា ត្រីកាម៉ុង ផ្តើមពងកូន ក្នុងចន្លោះខែវិច្ឆិកា និងខែធ្នូ ដែលពេលកន្លងមក ការបិទនេសាទ បានផ្តើមបិទតែរយៈពេលខ្លី គឺចាប់ពីខែមករា ដល់ខែមិនា។
លោកបន្តថា តំបន់ក្រៅពីក្នុងដែនជម្រកសុវត្ថិភាពត្រីកាម៉ុងនៅពាមក្រសោប ប្រជានេសាទអាចបន្តការនេសាទជាប្រក្រតី។
ត្រីកាម៉ុង ជាប្រភេទត្រីដែលប្រជាពលរដ្ឋទូទាំងប្រទេសទទួលស្គាល់ថា ពិតជាមានរស់ឆ្ងាញ់ ហើយគេនិយមយកមកទទួលទានជួបជុំជាលក្ខណៈគ្រួសារ ដែលខ្មែរយើងនិយមហៅថា ត្រីចូកតឹង ហើយវាក៏ត្រូវបានគេយកធ្វើជាត្រីចំហុយ និងត្រីខកំប៉ុង ជាដើម៕