បាងកក៖ តាមសេចក្ដីរាយការណ៍របស់កាសែតបាងកកប៉ុស្តិ៍ នៅល្ងាចថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានឱ្យដឹងថា លោក ភីធើ ស៊ីចាតូ រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី បានទៅដល់ទីក្រុងបាងកក ដោយលទ្ធផលធ្វើតេស្តបង្ហាញថា លោកមានផ្ទុកកូវីដ១៩។
រដ្ឋាភិបាលហុងគ្រី បានបញ្ជូនយន្តហោះពិសេស១គ្រឿង ដើម្បីដឹករដ្ឋមន្ត្រី និងយន្តហោះ១គ្រឿងទៀត ដឹកប្រតិភូអមដំណើររបស់លោករដ្ឋមន្ត្រីវិលត្រឡប់ទៅប្រទេសវិញ។
ទាក់ទងនឹងលទ្ធផលតេស្តលើប្រតិភូអមដំណើររបស់លោករដ្ឋមន្ត្រីការបរទេសហុងគ្រីវិញ លោក អានូទីន ចានវីរ៉ាគុល រដ្ឋមន្ត្រីសុខាភិបាលថៃ បានបញ្ជាក់ថា ប្រតិភូអមដំណើរចំនួន ១២រូប ទទួលបានលទ្ធផល អវិជ្ជមានកូវីដ១៩ ។
ថៃ បានសម្រេចលុបចោលកិច្ចប្រជុំផ្សេងៗ ជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលគ្រោងធ្វើឡើងនៅថ្ងៃពុធនេះ។ ចំណែកលោករដ្ឋមន្ត្រីហុងគ្រី បានទទួលការព្យាបាល និងវិលត្រឡប់ទៅប្រទេសវិញ ក្នុងពេលណាមួយនៅថ្ងៃពុធនេះផងដែរ។
សូមជម្រាបថា លោក ស៊ីចាតូ រដ្ឋមន្ត្រីការបរទេសហុងគ្រី បានអញ្ជើញទៅដល់ទីក្រុងបាងកក វេលាម៉ោង ៦:៣០ នាទីល្ងាច និងទទួលការធ្វើតេស្តរកកូវីដ១៩ នៅម៉ោង៩យប់ថ្ងៃដដែល ពីសំណាក់អាជ្ញាធរថៃ។
ប្រតិភូហុងគ្រី បានបន្តជើងហោះហើរទៅកាន់ប្រទេសថៃ ក្រោយលោករដ្ឋមន្ត្រីការបរទេសហុងគ្រី បានបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា៕
ប្រភព៖ Bangkok Post