ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានឱ្យដឹងថា នៅថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២០ក្នុងឱកាសថ្ងៃឈប់សម្រាក ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះមហាក្សត្រ និងថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទុក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មានភ្ញៀវទេសចរចំនួន ២០៧,០១២នាក់ បានដើរលេងកម្សាន្ដនៅទូទាំងប្រទេស និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ៣,៣៨៩នាក់។
គោលដៅទេសចរណ៍សំខាន់ៗ មួយចំនួនមាន ខេត្តសៀមរាប ទទួលបានភ្ញៀវចំនួន ៥៨,៧៩៧នាក់, ខេត្តកំពតទទួលបានភ្ញៀវចំនួន ២០,៧៧២នាក់, ខេត្តព្រះសីហនុ ទទួលបានភ្ញៀវចំនួន ១៨,៩២០នាក់, ខេត្តកណ្តាល ទទួលបានភ្ញៀវចំនួន ១៤,៥៧៥នាក់, ខេត្តកំពង់ស្ពឺ ទទួលបានភ្ញៀវចំនួន ១១,៩៤៨នាក់, ខេត្តកោះកុង ទទួលបានភ្ញៀវចំនួន ៨,៩៦៦នាក់, ខេត្តតាកែវ ទទួលបានភ្ញៀវចំនួន ៨,៦៣៨នាក់, ខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវចំនួន ៧,៧១៨នាក់, ខេត្តបាត់ដំបង ទទួលបានភ្ញៀវចំនួន ៧,៦៨២នាក់ និងរាជធានីភ្នំពេញ ទទួលបានភ្ញៀវចំនួន ៧,៤២៩នាក់។
បើតាម លោក ថោង ខុន បានកត់សម្គាល់ថា ដោយមិនមានការប្រារព្ធពិធីអុំទូកផ្លូវការ នៅរាជធានីភ្នំពេញ ហើយតាមបណ្តាខេត្ត ក៏មិនមានការរៀបចំពិធីបុណ្យអុំទូកដូចរាល់ឆ្នាំ និងអាស្រ័យដោយបញ្ហាទឹកជំនន់ ចំនួនភ្ញៀវទេសចរផ្ទៃក្នុង មានការថយចុះធៀបឆ្នាំមុន។ បញ្ហាទឹកជំនន់ ក៏បានធ្វើឱ្យការដើរកម្សាន្ត ទៅគោលដៅទេសចរណ៍មួយចំនួន មានការលំបាក ដូចនៅតំបន់ពាយព្យ (រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និងពោធិ៍សាត់) ទទួលបានភ្ញៀវត្រឹមប្រមាណ ១៣,៣៧៤នាក់ ស្មើតែប្រមាណ៦.៤៦% នៃភ្ញៀវសរុប ខណៈដែលតំបន់ឆ្នេរសមុទ្រដែលធ្លាប់មានភ្ញៀវទៅកម្សាន្តច្រើន ក៏ទទួលភ្ញៀវបានត្រឹមតែប្រមាណ ៥៣,១៦៧នាក់ ស្មើនឹងប្រមាណ ២៥.៦៣% នៃភ្ញៀវសរុប។
ប៉ុន្តែទោះយ៉ាងណា ខេត្តសៀមរាប នៅតែជាគោលដៅពេញនិយម ដោយបានទាក់ទាញភ្ញៀវទេសចរបាន ប្រមាណ២៨.៤០ភាគរយនៃភ្ញៀវសរុបដែលភាគច្រើន បានទៅទស្សនាតំបន់រមណីយដ្ឋាន និងសហគមន៍នានា ក្នុងខេត្តដូចជា តំបន់ប្រាសាទអង្គរវត្ត ឧទ្យានជាតិភ្នំគូលែន សហគមន៍ព្រៃទឹកជប់ខ្នារពោធិ៍ សហគមន៍ត្រាវកុដិ សហគមន៍បឹងឈូកបន្ទាយស្រី រមណីយដ្ឋានភូមិវប្បធម៌កម្ពុជាជាដើម។
ពាក់ព័ន្ធការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ លោក ថោង ខុន ថា ក្រសួងទេសចរណ៍ បានដាក់ចេញសារាចរណែនាំមួយ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ឱ្យមន្ទីរទេសចរណ៍រាជធានី-ខេត្ត និងគ្រប់គោលដៅទេសចរណ៍ទាំងអស់ ពង្រឹងការអនុវត្តតាម ការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ ដោយត្រូវសហការយ៉ាងជិតស្និតជាមួយ គណៈបញ្ជាការឯកភាពរាជធានីខេត្ត៕ប្រភពៈ cnc