សៀមរាប៖ ករណីប្ដីប៉ុនប៉ងបាញ់សម្លាប់ប្រពន្ធចុង កាលពីយប់រំលងអាទ្រាតថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅស្រុកក្រឡាញ់ ប៉ុន្តែមិនស្លាប់នោះ គឺផ្ដើមចេញពីស្ត្រីរងគ្រោះ ចេះតែទារលុយពីជនសង្ស័យញឹកញាប់ពេក នាំឱ្យបុរសនោះខឹង។ នេះបើយោងតាមការឱ្យដឹងពីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តសៀមរាប បន្ទាប់ពីចាប់ខ្លួនជនសង្ស័យយកទៅសួរចម្លើយ។
សូមបញ្ជាក់ថា ជនសង្ស័យម្នាក់ឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបរលក់ភេជ្ជៈ រស់នៅភូមិ៥ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានចោទពីបទឃាតកម្មគិតទុកជាមុនមិនបានសម្រេច(បាញ់នឹងអាវុធK59 គោលបំណងឱ្យស្លាប់ តែជនរងគ្រោះមិនស្លាប់)។
យោងតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តសៀមរាប បានបង្ហាញថា កាលពីវេលាម៉ោង ២:៥០នាទី ទៀបភ្លឺថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ មានករណីផ្ទុះអាវុធ នៅផ្លូវជាតិលេខ៦ ស្ថិតនៅភូមិគោកចាស់ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប មានករណីប៉ុនប៉ង បាញ់សម្លាប់បណ្តាលជនរងគ្រោះឈ្មោះ សំអុល សុខដានី ភេទស្រី អាយុ ២៧ឆ្នាំ ត្រូវត្រង់ដើមដោះខាងឆ្វេងមួយគ្រាប់បណ្តាលឱ្យរងរបួស។ កំលាំងសមត្ថកិច្ចបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់ ប៉ុន្តែដោយសារគ្រាប់បៀមជាប់ និងមានឈាមហូរច្រើន ទើបបញ្ជូនបន្តទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
តាមការបញ្ជាក់ពីជនរងគ្រោះឈ្មោះ សំអុល សុខដានី ភេទស្រី អាយុ ២៧ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជនីភ្នំពេញ បានឱ្យដឹកថា ខ្លួននិងឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល មានទំនាក់ទំនងស្នេហាជាមួយគ្នាតាំងពីអំឡុងឆ្នាំ២០១៧ រហូតដល់បច្ចុប្បន្នមានកូនស្រីម្នាក់ អាយុ៩ខែ ដោយដឹងថាឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល មិនទាន់លែងលះប្រពន្ធដើម ខ្លួនក៏សុំបែកគ្នាជាច្រើនលើក។ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១០:០០នាទី ឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល បានបើករថយន្តមួយគ្រឿង NISSAN Frontier ទៅដឹករូបខ្លួន និងកូនត្រង់ចំណុចម្តុំស្ពានជ្រោយចង្វា រាជធានីភ្នំពេញ ដោយប្រាប់ថាទៅខេត្តពោធិ៍សាត់ លុះបើកដល់ចំណុចស្ពានព្រែកក្តាមស្រាប់តែឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល បើកឡើងតាមផ្លូវជាតិលេខ៦ មកខេត្តសៀមរាប លុះដល់ចំណុចម្តុំត្រាំនាគ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ពួកខ្លួនបានចូលទៅសម្រាកនៅផ្ទះសំណាក់មួយមិនចាំយីហោ ហើយឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល បានបើកឡានចេញក្រៅប្រហែល៣០នាទី ទើបត្រឡប់មកវិញ។
លុះដល់វេលាម៉ោង២០:៣០នាទី ថ្ងៃខែឆ្នាំដដែលពួកខ្លួនក៏នាំគ្នាបន្តដំណើរពីខេត្តសៀមរាបទៅខេត្តបាត់ដំបង ដោយមុនពេលចេញ ឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល បានឱ្យរូបខ្លួនលេបថ្នាំផ្តាសសាយចំនួន ៣គ្រាប់ ហើយអង្គុយនៅកៅអីក្រោយ ពេលធ្វើដំណើរតាមផ្លូវឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល បាននិយាយប្លែកៗថា ថ្ងៃក្រោយខ្លួននឹងយកកូនស្រីមកចិញ្ចឹមនិងមើលថែឱ្យបានល្អដេកលើទ្រូងម្តាយសិនចុះ លុះបើកដល់ចំណុចរង្វង់មូលគួរស្រូវ ខេត្តបន្ទាយមានជ័យ ដោយសារកូនយំខ្លាំងពេក ក៏បើកឡានត្រឡប់ក្រោយទិសដៅមកខេត្តសៀមរាបវិញ។
នៅតាមផ្លូវ ខ្លួនក៏បានដេកលក់នៅកៅអីក្រោយលុះដល់ចំណុចកើតហេតុខាងលើ ក៏បានឮសម្លេងផ្ទុះអាវុធ ស្រាប់តែខ្លួនមានការឈឺចុកត្រង់ដើមទ្រូងខាងស្តាំ ពេលខ្លួនបើកភ្លើងទូរស័ព្ទបំភ្លឺ ក៏បានឃើញឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល កាន់កំាភ្លើងខ្លីនៅក្នុងដៃពេលនោះខ្លួន បានប្រតាយប្រតប់បើកទ្វាររថយន្ត លោតចុះទៅលើថ្នល់កៅស៊ូ ខណៈពេលរថយន្តកំពុងតែមានចលនាទៅមុខ។ ជនសង្ស័យឃើញដូចនោះ ក៏បានថយរថយន្ត ក្នុងគោលបំណងកិនទៅលើរូបខ្លួន តែខ្លួនបានលោតចុះទៅក្នុងទឹកប្រឡាយ ហើយជនសង្ស័យបានបើកទ្វាររថយន្តចុះ ហើយរត់ទៅធ្វើសកម្មភាព ប្រតាយប្រតប់និងច្របាច់ករនាង ភ្លាមនោះរូបនាងក៏បានស្រែកឱ្យគេឯងជួយ ពេលនោះក៏មានប្រជាការពារ នៅជិតនោះបានចូលទៅជួយនាង ហើយជនសង្ស័យក៏បានរត់ឡើងរថយន្ត ហើយបើកគេចខ្លួន ដោយមានកូនស្រីខ្លួននៅជាមួយដែរ។
សមត្ថកិច្ចបានបញ្ជាក់ថា តាមការពិនិត្យវិភាគកន្លែងកើតហេតុ បានធ្វើការចាប់យកវត្ថុតាងមាន អាវុធខ្លី ១ដើម ម៉ាក K59 បង់១, គ្រាប់ ១គ្រាប់, សំបកគ្រាប់១, ស្រោមកាំភ្លើងពណ៌ខ្មៅ១, អាយឺតដៃខ្លី២។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនយុត្តិធម៌នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងថា ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបន្តកិច្ចប្រតិបត្តការ ដោយមានការសហការពីសមត្ថកិច្ចនគរបាលអធិការស្រុកបវេល នៃស្នងការដ្ឋានខេត្តបាត់ដំបង ក៏បានឃាត់ជនសង្ស័យឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល បាននៅវេលាម៉ោង១០:១៤នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិអូរដូនពៅ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង។
តាមសាកសួរជនសង្ស័យឈ្មោះ ចាន់ ពៅ ហៅ ចាន់ ផល បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដូចជនរងគ្រោះរៀបរាប់ខាងលើពិតប្រាកដមែន ដោយសារខ្លួនខឹងជនរងគ្រោះចេះតែទារប្រាក់ពីរូបខ្លួនជាបន្តបន្ទាប់។ បើមិនឱ្យប្រាក់ទៅនាងទេនោះ នាងនឹងយកកូនស្រីទៅជួបប្រពន្ធដើមខ្លួន ដែលអាចទៅជាទំនាស់ឈានដល់ការលែងលះមិនខាន។ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕