ស្ទឹងត្រែង៖ ព្រឹកនេះ ទន្លេទាំងបី គឺទន្លេមេគង្គ ទន្លេសេកុង និងទន្លេសេសាន កម្ពស់ទឹកបាននិងកំពុងហក់ឡើងជាលំដាប់ ដែលធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាំង។
បើតាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៩ខែតុលានេះ បានបង្ហាញថា ទឹកទន្លេមេគង្គ មានកម្ពស់ ៨,១៨ម៉ែត្រ ឡើង០,៣៧ ទន្លេសេកុងកម្ពស់ ១០,០៨ម៉ែត្រ ឡើង១,៥២ម៉ែត្រ និងទន្លេសេសានកម្ពស់ ៨,១៣ម៉ែត្រ ឡើង០,៥៩ម៉ែត្រ។
អាជ្ញាធរខេត្តស្ទឹងត្រែង បានអំពាវនាវឱ្យប្រជាពលរដ្ឋពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ ត្រូវមានការប្រុងប្រយ័ត្នជានិច្ច ចំពោះទឹកជំនន់នេះ។ចំពោះអាជ្ញាធរ ក៏បានរៀបចំជាស្រេចទាំងកម្លាំង និងសម្ភារដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ ដែលនឹងលិចដោយទឹកជំនន់ ប្រសិនបើកើតមាននៅពេលខាងមុខជាយថាហេតុ។
សូមរម្លឹកថា ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កម្ពុជា ទទួលរងនូវឥទ្ធិពលខ្យល់ព្យុះ រហូតដល់ថ្ងៃទី២០ ខែតុលា៕