ភ្នំពេញ ៖ ផ្ដើមពីមូលហេតុ ប្រតិកម្មសារធាតុគីមី បណ្ដាលផ្ទុះឆេះ ឃ្លាំងស្តុកសារធាតុក្លរ ស្ថិតនៅតាមផ្លូវបេតុង ភូមិវិមានប្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១០ និង៥០នាទីព្រឹក ថ្ងៃអាទិត្យទី១១ ខែតុលាឆ្នាំ២០២០ ។
សមត្ថកិច្ចនិយាយថា ឃ្លាំងដែលឆេះនេះ ស្តុកសារធាតុគីមី(ក្ល័រ) ប្រភេទសំណង់ថ្មប្រក់ស័ង្កសី ទំហំ១២គុណនិង២០ម៉ែត្រ ដែលម្ចាស់ទីតាំងឈ្មោះ ឈុន ណាវី ភេទស្រី អាយុ២២ ឆ្នាំជនជាតិខ្មែរ ។ បន្ទាប់ពីប្រតិកម្មសារធាតុគីមី បណ្តាលឱ្យឆេះសារធាតុគីមីមួយចំនួនតែគេមិនទាន់ដឹងថា សារធាតុគីមីសាយភាយកម្រិតណានៅឡើយទេ ហើយក៏ពុំមានអ្នករងគ្រោះថ្នាក់ ក្នុងករណីនេះដែរ ។
ភ្លាមៗនោះ សមត្ថកិច្ចបាន ចុះអន្តរាគមន៍ ប្រើរថយន្តពន្លត់អគ្គីភ័យអស់ចំនួន៩គ្រឿង ហើយពេលបាញ់ពន្លត់ គេបានលឺសូរសំឡេងផ្ទុះជាបន្តបន្ទាប់ ( ប្រតិកម្មវត្ថុនៅក្នុងនោះ ) ដោយពន្លត់ចប់ នៅវេលាម៉ោង ប្រមាណ១១និង៣០នាទីថ្ងៃដដែល ៕