ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១០ខែតុលានេះ បានដឹកនាំមន្ត្រីនិងអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងបន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រសង្កាត់សាក់សំពៅ និងសង្កាត់គងណយ ស្ថិតក្នុងខណ្ឌដង្កោចំនួន ១៨គ្រួសារ និងបានត្រៀមក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋទាំងនោះនៅពេលទឹកបានបុកមកខ្លាំងនៅពេលខាងមុខ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្រៅពីពិនិត្យស្ថានភាពទឹកជំនន់ ក៏បាននាំយកអំណោយដើម្បីចែកជូនប្រជាពលរដ្ឋទាំង១៨គ្រួសារផងដែរ។
បើតាមអាជ្ញាធរខណ្ឌដង្កោបានប្រាប់ឱ្យដឹងថា ជំនន់ទឹកភ្លៀងបាន និងកំពុងវាយលុកសង្កាត់ចំនួន២របស់ខណ្ឌ ដែលក្នុងនោះរួមមាន សង្កាត់គងណយ និងសង្កាត់សាក់សំពៅ ដែលធ្វើឱ្យផ្ទះប្រជាពលរដ្ឋជិត ៣០ខ្នង ត្រូវបានជន់លិច។
ក្នុងឱកាសចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងលោក អភិបាលរាជធានីភ្នំពេញ ក៏បានបន្តដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពទឹកនៅទំនប់ស្ពាន៧មករា នៅតាមបណ្តោយផ្លូវជាតិលេខ៣ ដែលតាមការបញ្ជាក់របស់អាជ្ញាធរឱ្យដឹងថា នៅទំនប់ ស្ពាន៧មករានេះ ទឹកឡើងដល់កម្ពស់ ៨,១០ម៉ែត្រ លើសពីកម្រិតប្រកាសអាសន្ន ១,១០ម៉ែត្រ ដែលអាជ្ញាធរត្រូវមានវិធានការ និងប្រុងប្រយ័ត្នខ្ពស់ផងដែរ។
ក្រោយការចុះពិនិត្យស្ថានភាពទឹកនៅខណ្ឌដង្កោ លោកអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្រ្តីចុះពិនិត្យស្ថានភាពទឹក នៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល និងបន្តទៅពិនិត្យមើល ការកាយលូបើកផ្លូវទឹកនៅតាមបណ្តោយមហាវិថីវិមានឈ្នះឈ្នះ ក្នុងខណ្ឌព្រែកព្នៅដើម្បីរំដោះជំនន់ទឹកភ្លៀង ដែលកំពុងជន់លិចភាគខាងលិចរាជធានី៕