ភ្នំពេញ ៖ កម្មករក្រុមហ៊ុនស៊ិនទ្រី បានយល់ព្រម បំពេញការងារ ប្រមូលសំរាមវិញ នៅរសៀលនេះ បន្ទាប់ពីមានដំណោះស្រាយ និងការសម្រួលមួយ ដែលពួកគេអាចទទួលយកបាន ខណៈឯកឧត្តម ឃួង ស្រេងអភិបាល នៃគណៈ អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះទៅដោះស្រាយផ្ទាល់ ដល់ទីតាំង នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ។
សូមរំលឹកថា កម្មកររបស់ក្រុមហ៊ុនស៊ិនទ្រី ចំនួនប្រមាណ២០០០នាក់ បានធ្វើកូដកម្ម តវ៉ាមិនព្រមបំពេញការងារ ចេញទៅប្រមូលសំរាម អស់រយៈពេល៥ថ្ងៃកន្លងមក បង្ករាជធានីភ្នំពេញ ពោរពេញទៅដោយសំរាម គរពាសពេញដងផ្លូវ បើទោះបីអាជ្ញាធរនាំគ្នាចេញប្រមូលសំរាមក៏ដោយ តែពេលនេះពួកគាត់ បានឯកភាពសន្យាថា នឹង ចូលបម្រើការងារវិញ នៅរសៀលនេះវិញ ។
មុនឈានដល់ការបញ្ចប់នូវបញ្ហានេះ សាលារាជធានី បានប្រកាសរកកម្មកររើសសំរាមថ្មី និងឱ្យអាជ្ញាធរ ចេញប្រមូលសំរាមដោយសារសាលារាជធានីភ្នំពេញ អះអាងថា ការទាមទាររបស់កម្មករប្រមូលសំរាម គឺទាមទារលើសពីច្បាប់ និងយកសំរាមធ្វើជាចំណាប់ខ្មាំង ។ ប៉ុន្តែបញ្ហាទាំងនេះ ក៏ត្រូវបានដោះស្រាយបញ្ចប់ទាំងស្រុង នៅព្រឹកថ្ងៃនេះ ៕