ខេត្តត្បូងឃ្មុំ៖ ធ្វើស្រែ ជាមុខរបរគោលសំរាប់ប្រជាពលរដ្ឋភាគច្រើនរស់នៅភូមិពន្លៃផ្សារ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ តែដើម្បីរកប្រាក់ចំណូលបន្ថែម លើការងារបង្កបង្កើនផលស្រូវ ប្រជាពលរដ្ឋមួយ ចំនួនក្នុងភូមិមួយនេះ បានចាប់យករបរដាល់អំបុកលក់ ខណៈ មុខរបរដាលអំបុកលក់ គឺអាចរកប្រាក់ចំណូលបានបង្គួរ សំរាប់ដោះស្រាយ ជីវភាពគ្រួសារ។
លោក ម៉ៃ ខា បានឲ្យដឹងថា លោក និង គ្រួសារ បានប្រកបរបរដាល់អំបុកលក់ជាច្រើនឆ្នាំមកហើយ ដោយក្នុងមួយថ្ងៃ ដាល់បានប្រមាណ២០ គីឡូក្រាម និងយកប្រភេទស្រូវ ៣ ខែ គឺស្រូវ ៤៩ ខណៈស្រូវទាំងនេះ គឺទិញពីប្រជាពលរដ្ឋក្នុងភូមិ/ឃុំ អញ្ចើមតែម្តង។ លោកបន្តថា ក្នុងភូមិរបស់គាត់មានបងប្អូនប្រជាពលរដ្ឋ ប្រមាណ៨ គ្រួសារ កំពុងប្រកបរបរដាល់អំបុកលក់ដោយប្រើម៉ាស៊ីន ដែលបានជួយសម្រាល កម្លាំងមួយកម្រិតធំ ។
លោកបន្តថា ក្នុងមួយថ្ងៃៗ គិតជាមធ្យម លោកដាល់អំបុក បាន២០ គីឡូក្រាម ដោយប្រើស្រូវចំនួន ៦០ គីឡូក្រាម ។ អំបុក មួយគីឡូលក់បាន ៦ពាន់រៀល ហើយបើលក់ជាកំប៉ុងបាន១កំប៉ុង ១ពាន់រៀល។ ជារួមក្នុងស្រូវ១០០គីឡូក្រាម លក់បានប្រាក់ចំនួន ១៨ម៉ឺនរៀល ទូទាត់ថ្លៃស្រូវ ប្រេង គឺចំណេញបានជាមធ្យម ខ្ទង់ ៧ម៉ឺនរៀលដែរ ក្នុងមួយថ្ងៃ។ សម្រាប់ទីផ្សារលក់អំបុក លោកដាក់លក់នៅមុខផ្ទះ ខណៈ អ្នកទិញភាគច្រើន ជាអ្នកចម្ងាយឆ្លងកាត់ និង មានការកុម្ម៉ង់ ទិញ ២០ ឬ ៣០ គីឡូក្រាម ម្តងម្កាលដែរ។
លោក ម៉ៃ សុខា និងប្រជាពលរដ្ឋ ដែលប្រកបរបរនេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទៅជិត ឬឆ្ងាយ ជួយទិញអំបុករបស់ពួកគាត់ផង ដើម្បីឲ្យពួកគាត់អាចរកប្រាក់បន្ថែមបានខ្លះសំរាប់ដោះស្រាយជីវភាពគ្រួសារ ក្រៅពីការងារធ្វើស្រែ ព្រោះពួកគាត់មិនចង់ធ្វើចំណាកស្រុកទៅរកការងារធ្វើនៅឆ្ងាយពីគ្រួសារនោះទេ ។
សូមជម្រាបថា មានប្រជាពលរដ្ឋប្រមាណជា ១០គ្រួសារប៉ុណ្ណោះ ក្នុងភូមិពន្លៃផ្សារ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលប្រកបរបរនេះ ពីព្រោះមិនមានទីផ្សារសម្រាប់លក់ ខណៈ អំបុកដែលដាល់បានគឺដាក់លក់នៅមុខផ្ទះ ហើយមានអ្នកកុម្ម៉ង់ទិញម្តងម្កាលប៉ុណ្ណោះ ហេតុនេះ ទើបមិនមានអ្នកប្រកបរបរនេះ ច្រើននោះទេ៕