ភ្នំពេញ៖ ចាប់តាំងពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ រហូតដល់ពេលនេះ ក្រុមហ៊ុនប្រមូលសំរាម ស៊ីនទ្រី មិនមានកម្មករចេញប្រមូលសំរាមឡើយ ដែលធ្វើឱ្យសំរាមកកស្ទះនៅតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ។
យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា មូលហេតុដែលមិនមានកម្មករចេញប្រមូលសំរាម គឺដោយសារតែកម្មករប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ីនទ្រី បាននិងកំពុងធ្វើកូដកម្ម ដោយមិនចេញប្រមូលសំរាម ដើម្បីទាមទារលក្ខខណ្ឌមួយចំនួន។
រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ីនទ្រី បញ្ឈប់ការធ្វើកូដកម្ម និងត្រូវចូលបំពេញការងារផ្ដល់សេវាប្រមូលសំរាមនិងដឹកជញ្ជូនសំរាមជាធម្មតាវិញយ៉ាងយូរបំផុត នៅថ្ងៃចន្ទ ទី០៥ ខែតុលា ឆ្នាំ២០២០។ រីឯប្រជាពលរដ្ឋ គួរវេចខ្ចប់ ទុកដាក់ និងបញ្ចេញសំរាមរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមពេលវេលាដែលបានកំណត់៕