ភ្នំពេញ.តាមការឲដឹងពីនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ថា ជនសង្ស័យដែលជាបងប្រុសបង្កើតវាតប្អូនប្រុសខ្លួនឯងបណ្តាលឲស្លាប់ នៅឯខេត្តក្រចេះតាំងពីថ្ងៃទី ១២ កញ្ញា ២០២០ កន្លងទៅនេះ ត្រូវឃាត់ខ្លួនបានហើយនៅព្រឹកថ្ងៃ ទី២ តុលា ២០២០ នេះ ចំនុចភូមិគគរ ឃុំគគរ ស្រុកកងមាស ខេត្តកំពង់ចាម តាមដីកាបញ្ជាអោយចូលខ្លួនលេខ៤៧៥ចុះថ្ងៃទី០២ ខែតុលាឆ្នាំ២០២០លោកជា សុភក្ត្រ័ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តក្រចេះ ។
ប្រត្តិបត្តិការនេះក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងចង្អុលបង្ហាញយ៉ាងយកចិត្តទុកដាក់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវបន្ទាន់ក្រោយកើតហេតុ ដោយបានបទបញ្ជារពីថ្នាក់ដឹកនាំ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទ័ណ្ឌ បានដឹកនាំសហការជាមួយ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម អធិការរដ្ឋាននគរបាលស្រុកកងមាស បើកការស្រាវជ្រាវ ករណីខាងលើរហូតដល់ថ្ងៃទី២ខែតុលាឆ្នាំ២០២០វេលាម៉ោង១១កំលាំងយើងបានធ្វើការឃាត់ខ្លួនជនដៃដល់ នៅចំនុចភូមិគគរ ឃុំគគរ ស្រុកកងមាស ខេត្តកំពង់ចាម ។
គួររំលឹកថា ជនសង្ស័យមានឈ្មោះ ថេង សុធី ហៅថ្លាង អាយុ៣១ឆ្នាំ រស់នៅភូមិថ្ពង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ បានយកដំបងវាយ ជនរងគ្រោះឈ្មោះ ថេង សុ ថុន ហៅពូជ បណ្តាលអោយស្លាប់ នៅចំនុចបន្ទាយអាមេរិក ភូមិថ្ពង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។
ព្រោះជនរងគ្រោះតែងតែរករឿងជាមួយម្តាយ បងប្អូន លួចរបស់ក្នុងផ្ទះលក់គ្មានសល់ វាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ជាហេតុធ្វើឲជនសង្ស័យជាបងបង្កើត ដាច់ចិត្តយកដំបងឈើប្រវែងប្រហែលកន្លះម៉ែត្រ វាយបណ្តាលស្លាប់តែម្តង រួចគេចខ្លួនបាត់ មកស្នាក់នៅផ្ទះម្តាយមីង ភូមិគគរ ឃុំគគរ ស្រុកកងមាស ខេត្តកំពង់ចាម។ចំពោះករណីនេះភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុ ជួបជាមួយម្តាយជនសង្ស័យ ប៉ុន្តែម្តាយជនសង្ស័យ មិនបានដាក់ពាក្យបណ្តឹងទៅលើជនសង្ស័យនោះទេ ដោយលើកឡើងថា កូនគាត់ស្លាប់ម្នាក់គាត់មិនចង់ឲកូនគាត់ម្នាក់ ទៀតជាប់គុកនោះទេ។
បច្ចុប្បន្នជនសង្ស័យបាននាំខ្លួនមកសាកសួរបន្ថែមនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃទើបប្រគល់ឱ្យម្ចាស់ករណី ស្នងការនគរបាលខេត្តក្រចេះ ចាត់ការបន្តតាមនិតិវិធីច្បាប់៕