ពោធិ៍សាត់៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារ អនុក្រុមការងារ និងលេខាធិការដ្ឋានខេត្ត ដើម្បីអនុវត្តសំណង ការតាំងទីលំនៅថ្មី ជូនប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលរងផលប៉ះពាល់ពីគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ក្នុងនាមអាជ្ញាធរខេត្ត លោកអភិបាលខេត្ត ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានសម្រេចសាងសង់បន្ថែម សម្រាប់ប្រើប្រាស់ក្នុងភូមិសាស្ដ្រខេត្តពោធិ៍សាត់ និងអាចចែកចាយទៅប្រើប្រាស់នៅទូទាំងប្រទេស ដើម្បីធានាដល់សន្តិសុខថាមពលក្នុងស្រុក កាត់បន្ថយការនាំចូលប្រភពថាមពលអគ្គិសនីពីបរទេស។
លោកអភិបាលខេត្ត បានបន្តថា អ្វីដែលជាការចាប់ផ្តើម ចាំបាច់បំផុត គឺការដោះស្រាយផលប៉ះពាល់។ ដូច្នេះស្នើឱ្យអាជ្ញាធរស្រុក ពិនិត្យជាក់ស្តែង និងរក្សាបច្ចុប្បន្នភាពគ្រួសារដែលត្រូវទទួលសំណង ចំនួន៣៤៧គ្រួសារ ស្មើនឹង ១៤៣៦នាក់ឱ្យនៅដដែល។ លោក បានបន្ថែមថា ទីតាំងលំនៅថ្មីដែលត្រូវផ្តល់ជូនពួកគាត់ សូមឱ្យក្រុមហ៊ុន ក៏ដូចជាភាគីពាក់ព័ន្ធ ត្រូវចុះសិក្សាសារជាថ្មីម្តងទៀត ថាតើដីនៅតំបន់នោះ អំណោយផលទៅលើដំណាំកសិកម្មដែរឬក៏អត់?
លោក បានបន្តទៀតថា ផ្ទះដែលសាងសង់ជូនប្រជាពលរដ្ឋ សូមស្នើឱ្យស្ថាបនាផ្ទះគម្រូមួយខ្នង ដើម្បីឱ្យគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ។ ជាមួយគ្នានោះ លោកបានធ្វើការណែនាំ ដល់តំណាងក្រុមហ៊ុនវិនិយោគ រាល់ការងារក្នុងការដ្ឋាន ត្រូវមានកិច្ចសហការល្អ ជាមួយក្រុមការងារ អនុក្រុមការងារ និងលេខាធិការដ្ឋានខេត្ត ឬអាជ្ញាធរដែនដី ដើម្បីពន្លឿន និងបញ្ជៀសនូវហានិភ័យ នៃការអនុវត្តន៍គម្រោងខាងលើ។
គួរជម្រាបថាមកដល់ពេលនេះ កម្ពុជាមានវារីអគ្គិសនីចំនួន៧កន្លែងហើយ ដោយ៦កន្លែង ស្ថិតនៅភាគខាងត្បូងឈៀងខាងលិច នៃប្រទេសកម្ពុជា មានដូចជា៖ វារីអគ្គិសនីអាតៃ ឬស្សីជ្រុំ កំចាយ គីរីរម្យ១ គីរីរម្យ៣ និងវារីអគ្គិសនីតាតៃ។ ចំណែកមួយកន្លែងទៀតគឺវារីអគ្គិសនី សេសានក្រោម២ស្ថិតនៅខេត្តស្ទឹងត្រែងភាគឥសាននៃប្រទេសកម្ពុជា។ កាលពីអំឡុងឆ្នាំ២០១៩កន្លងទៅ រាជរដ្ឋាភិបាលសម្រេចឱ្យមានការសាងសង់ កន្លែងផលិតថាមពលអគ្គិសនីថ្មី រួមមាន៖ វារីអគ្គិសនីស្ទឹងពោធិ៍សាត់មួយ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលអាចផលិតថាមពល បាន៨០មេហ្គាវ៉ាត់ និងស្ថានីយអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលអាចផលិតថាមពល បាន៦០មេហ្គាវ៉ាត់៕ ប្រភព ៖ CNC