សៀមរាប៖ អង្គការមូលនិធិប្រាសាទពិភពលោកប្រចាំកម្ពុជា ដោយសហការជាមួយអាជ្ញាធរជាតិអប្សរា បានធ្វើការអភិរក្ស ជួសជុលប្រាសាទភ្នំបាខែង ដោយប្រែស្ថានភាពពីចាស់ទ្រុឌទ្រោម បាក់បែក មកជាសំណង់ប្រាសាទដែលមានភាពរឹងមាំ សោភ័ណភាពស្អាត និងទាក់ទាញភ្ញៀវទេសចរ។
លោកស្រី Ginevra Baotto ប្រធានគម្រោងមូលនិធិប្រាសាទពិភពលោក (WMF) ប្រចាំកម្ពុជា បានឱ្យដឹងថា WMF មានការិយាល័យនៅខេត្តសៀមរាបក្នុងឆ្នាំ១៩៩២ បានជួសជុលប្រាសាទព្រះខ័ន តាសោម អង្គរវត្ត និងបច្ចុប្បន្ននៅភ្នំបាខែង។
លោក ឈឹម សុខា អ្នកជំនាញជួសជុលប្រាសាទបានចូលបម្រើការងារផ្នែកអភិរក្សតាំងឆ្នាំ២០០១ បានសម្តែងការពេញចិត្តជាខ្លាំងចំពោះសមិទ្ធផលការងារដែលសម្រេចបានក្នុងការជួសជុលប្រាសាទភ្នំបាខែងឱ្យរួចផុតពីគ្រោះថ្នាក់។
លោកបានបញ្ជាក់ថា៖ “ខ្ញុំសប្បាយចិត្តណាស់ ដែលបានធ្វើការជួសជុលមរតកដូនតាឱ្យល្អប្រសើរឡើងវិញ។ យើងខ្ញុំធ្វើការបម្រើអង្គរដោយស្មោះត្រង់ ដោយកម្លាំងញើសឈាម ធ្វើការទាំងក្តៅ ទាំងភ្លៀង ជួបការលំបាកជាច្រើន សូម្បីថ្មបាយក្រៀមក៏រុញឡើង ថ្មនៅតែដាប់ ធ្វើការបែកដៃបែកជើង ហូរញើសជោកខ្លួនជាមួយបរទេសដើម្បីតែភាពរឹងមាំរបស់ប្រាសាទ។ ដូច្នេះ សូមបងប្អូនជួយស្រឡាញ់វត្ថុបុរាណ និងបេតិកភណ្ឌរបស់យើងឡើងវិញ។ យើងខ្ញុំស្រឡាញ់បេតិកភណ្ឌដូនតាណាស់”៕