ក្រចេះ៖ អ្នកវិទ្យាសាស្រ្ត បានបង្ហាញរូបភាពសត្វរមាំង (Rucervus eldii) ចំនួនបួនក្បាល ដែលគេថតបានជាលើកដំបូងក្នុងអំឡុងពេលប្រាំឆ្នាំ តាមរយៈការប្រើម៉ាស៊ីនថតស្វ័យប្រវិត្ត នៅក្នុងដែនជម្រកសត្វព្រៃសំបូរ ដែលជាតំបន់ការពារធម្មជាតិមួយស្ថិតក្រោមការគាំទ្រដោយអង្គការ WWF មានទីតាំងស្ថិតក្នុងតំបន់ទេសភាពព្រៃលិចទឹកមេគង្គនៃខេត្តក្រចេះ។ សត្វរមាំងត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជ ទាំងនៅក្នុងច្បាប់ព្រៃឈើរបស់ប្រទេសកម្ពុជា និងក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ។
ក្រុមអ្នកអភិរក្ស បានបង្ហាញក្តីរំភើបរីករាយ ខណៈពួកគេកំពុងពិនិត្យមើលរូបភាពដ៏កម្រនៃវត្តមានរបស់សត្វរមាំងញីពេញវ័យចំនួនបីក្បាល និងរមាំងជំទង់មួយក្បាល កំពុងរស់នៅក្នុងដែនជម្រកសត្វព្រៃសំបូរ ក្នុងចំណោមរូបថតសរុបចំនួន ១.៧១០ សន្លឹក ថតបានក្នុងចន្លោះខែសីហាដល់ខែកញ្ញានេះ ដោយការពង្រាយម៉ាស៊ីនថតរូបស្វ័យប្រវិត្តនៅតាមទីតាំងផ្សេងៗគ្នាក្នុងដែនជម្រក ដែលមានផ្ទៃដីសរុបចំនួន ៥០.០៩៣ ហិកតា។ លោក អៀម សំអ៊ន់ អ្នកទទួលបន្ទុកផ្នែកស្រាវជ្រាវនិងតាមដានជីវៈចម្រុះប្រចាំតំបន់មេគង្គនៃអង្គការWWF បានថ្លែងដោយស្នាមញញឹមថា៖ “យើងទាំងអស់គ្នាពិតជារំភើបរីករាយខ្លាំងណាស់ដែលបានកត់ត្រាទុកនូវវត្តមានរបស់សត្វរមាំងទាំងនេះ។”
ការស្រាវជ្រាវនិងតាមដានសត្វព្រៃដោយម៉ាស៊ីនថតស្វ័យប្រវត្តិក្នុងដែនជម្រកសត្វព្រៃនេះជាកិច្ចសហការរួមគ្នាដោយក្រុមអ្នកស្រាវជ្រាវនិងឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តក្រចេះ សហគមន៍ព្រៃឈើ បុគ្គលិកអង្គការWWF និងសមាជិកក្រុមល្បាតសហគមន៍ ក្រោមការឧបត្ថម្ភថវិកាដោយអង្គការ WWF-ប៊ែលហ្សិក និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ (SDC)។ អ្នកវិទ្យាសាស្ត្រនៃអង្គការWWF បានពិពណ៌នាការផ្តិតរូបភាពរបស់សត្វរមាំងបានម៉ាស៊ីនថតស្វ័យប្រវត្តិនេះថាជារបកគំហើញដ៏សំខាន់មួយសម្រាប់ការអភិរក្សក្នុងតំបន់ទេសភាពមេគង្គ។
លោក សេង ទៀក នាយកអង្គការ WWF-កម្ពុជា បានមានប្រសាសន៍ថា៖ “រូបភាពដ៏កម្រនៃសត្វរមាំងទាំងនេះជាភ័ស្តុតាងបញ្ជាក់អំពីប្រសិទ្ធភាព និងផលនៃកិច្ចការគ្រប់គ្រងតំបន់ការពារ និងការងារអភិរក្សរបស់យើង ហើយដែលនាំមកនូវក្តីសង្ឃឹមក្នុងការការពារប្រភេទសត្វនេះទាំងក្នុងប្រទេសកម្ពុជា និងក្នុងតំបន់។”
ក្រៅពីសត្វរមាំង ម៉ាស៊ីនថតស្វ័យប្រវិត្តក៏ផ្តិតបាននូវរូបភាពសត្វឈ្លូស ជ្រូកព្រៃ សំពោចវល្លិ៍ សំពោចក្រអូប ព្រមទាំងប្រភេទសត្វបក្សីមាឌធំសំខាន់ៗមួយចំនួនទៀត ដូចជាសត្វក្ងោកបៃតង និងត្រដក់តូចជាដើម។
របាយការណ៍ស្តីពីប្រភេទសត្វទទួលរងការគំរាមកំហែងដែលបានចេញផ្សាយដោយអង្គការ IUCN ក្នុងឆ្នាំ២០១៥ បានបង្ហាញថាចំនួនសត្វរមាំងមាននៅរាយប៉ាយក្នុងសកលលោក ហើយគេបាន ប៉ាន់ប្រមាណថា សត្វនេះមានចំនួនតិចជាង ៧០០ ក្បាល ហើយក្នុងនោះ ចំនួនសត្វរមាំងមាននៅសេសសល់តិចតួចប៉ុណ្ណោះ កំពុងរស់នៅក្នុងតំបន់ព្រៃការពារនានាក្នុងប្រទេសកម្ពុជា។ អង្គការ WWF បាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាគ្រប់ជាន់ថ្នាក់ដើម្បីគាំទ្រការគ្រប់គ្រងដែនជម្រកសត្វព្រៃសំបូរ ដែលនៅទីនោះ ការបាត់បង់ទីជម្រក និងការបរបាញ់សត្វព្រៃសម្រាប់យកសាច់ និងសម្រាប់ការជួញដូរសុទ្ធសឹងជាកត្តាគំរាមកំហែងចំបងៗ ទៅលើធនធានធម្មជាតិ និងការរស់រានរបស់សត្វព្រៃ។
ក្នុងឆមាសទីមួយឆ្នាំនេះ កិច្ចសហការរួមគ្នាក្នុងការពង្រឹងការអនុវត្តច្បាប់របស់មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្ត សមាជិកសហគមន៍ល្បាតដែលជាអ្នករស់នៅជុំវិញនិងក្បែរដែនជម្រកសត្វព្រៃ អាជ្ញាធរមូលដ្ឋាន និងបុគ្គលិកអង្គការ WWF បានបញ្ឈប់ករណីទន្ទ្រានដីព្រៃខុសច្បាប់ចំនួន ៣៣ ករណី ដែលគិតជាផ្ទៃដីសរុបចំនួន ៥៩៤ ហិកតា ដោយបានដកបង្គោលឈើព្រំខុសច្បាប់ចំនួន ១០២ ដើម បានដកហូតត្រាក់ទ័រចំនួន ៥ គ្រឿង និងអិចស្ការវ៉ាទ័រចំនួនមួយគ្រឿង។ ក្នុងប្រតិបត្តិការពង្រឹងការអនុវត្តច្បាប់ទាំងនោះដែរ ក្រុមការងារក៏បានបង្ក្រាបករណីកាប់ឈើខុសច្បាប់ចំនួន ៣៦ ករណី ដោយដកហូតឈើប្រណិតចំនួន ២៣ ដុំ និងរណាយន្តចំនួន ១១ គ្រឿង។ ស្របពេលជាមួយគ្នានោះដែរ ក្រុមការងារក៏បានដោះនិងប្រមូលអន្ទាក់ចេញពីដែនជម្រកសត្វព្រៃសំបូរ បានចំនួន ២៧៨ អន្ទាក់ ព្រមទាំងបានដោះ អន្ទាក់អគ្គិសនីបានចំនួនប្រាំឈុតផងដែរ។
លោក សេង ទៀក បានថ្លែងសរសើរថា៖ “យើងខ្ញុំសូមកោតសរសើរចំពោះក្រុមការងារពង្រឹងការអនុវត្តច្បាប់ទាំងអស់ដែលបានបំពេញតួនាទីដ៏សំខាន់នេះក្នុងការដើរល្បាតជាប្រចាំក្នុងដែនជម្រកសត្វព្រៃ និងពង្រឹងការអនុវត្តច្បាប់ស្តីពីតំបន់ការពារ និងច្បាប់ព្រៃឈើ។” លោកបានមានប្រសាសន៍បន្ថែមទៀតថា៖ “កិច្ចខិតខំប្រឹងប្រែងទាំងនេះជាកត្តាចំបងមួយធ្វើជនខិលខូចមានការខ្លាចរអា និងអាចទប់ស្កាត់បទល្មើសសត្វព្រៃនិងព្រៃឈើ ដើម្បីអនុញ្ញាតឱ្យសត្វព្រៃរួចផុតពីភាពភ័យខ្លាច និងអាចរស់នៅដោយសេរីភាពក្នុងដែនជម្រកសត្វព្រៃដែលមានសុវត្ថិភាព”។
ការស្រាវជ្រាវជីវៈចម្រុះ និងការពង្រឹងការអនុវត្តច្បាប់សុទ្ធសឹងជាធាតុសំខាន់ៗសម្រាប់តំបន់ការពារធម្មជាតិនៅក្នុងតំបន់ទេសភាពមេគង្គ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ អង្គការ WWF-កម្ពុជា បាននិងកំពុងស្រាវជ្រាវ និងតាមដានសត្វព្រៃទាំងប្រភេទរស់នៅលើគោក និងប្រភេទរស់នៅក្នុងទឹក អស់រយៈកាលជាងពីរទសវត្សរ៍មកហើយ ខណៈដែលបាននិងកំពុងផ្តល់ការគាំទ្រយ៉ាងសកម្មដល់ការអនុវត្តនិងការពង្រឹងការអនុវត្តច្បាប់ព្រៃឈើនិងជលផល ក៏ដូចជាការអនុវត្តនូវកម្មវិធីផ្សេងៗទៀតដើម្បីលើកទឹកចិត្ត និងកៀរគរការចូលរួមរបស់សហគមន៍មូលដ្ឋានក្នុងការអភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍជីវភាពរបស់សហគមន៍ដើម្បីលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន៕