ព្រះសីហនុ៖ មានករណីអគ្គីភ័យឆេះឃ្លាំងស្តុកអំបោះ ក្នុងរោងចក្រ១ បានកើតឡើង នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ១៣:០០នាទី ស្ថិតនៅក្នុងរោងចក្រ លីនស៍តិចថាយ៍ ក្រុម៣៥ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ឃ្លាំង ដែលបានឆេះនោះ ជារបស់ថៅកែជនជាតិចិន បានរងការខូចខាតទាំងស្រុងក្រោយពីការជួយអន្តរាគមន៍ពន្លត់ដោយកម្លាំងពន្លត់អគ្គិភ័យខេត្តព្រះសីហនុ ប៉ុន្តែមិនបណ្តាលឱ្យមានអ្នករងរបួសឡើយ។ ឃ្លាំងនោះមានទំហំ ២០×៤៥ម៉ែត្រ និងផ្ទុកសម្ភារពេញ។
មូលហេតុនៃអគ្គិភ័យគឺ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ នេះដោយផ្អែកតាមការរៀបរាប់ដោយបុរសសន្តិសុខយាមនៅទ្វារខាងមុខរោងចក្រ។ នៅមុនកើតហេតុ មានផ្សែងហុយចេញពីក្នុងឃ្លាំងដែលចាក់សោរបិទទ្វារជិត អត់មានកម្មករធ្វើការ។ ពេលនោះ បុរសជាសន្តិសុខ បានឱ្យរដ្ឋបាលយកសោរចាក់បើកទ្វាឃ្លាំង ក៏ឃើញមានភ្លើងឆេះ រួចរាយការណ៍ប្រាប់សមត្ថកិច្ចមកជួយអន្តរាគមន៍តែម្ដង និងគ្រប់គ្រងអគ្គិភ័យបានទាំងស្រុង នៅវេលាម៉ោង ២០:៣០នាទីយប់ ថ្ងៃខែឆ្នាំដដែល។
សូមបញ្ជាក់ថា ករណីនេះ រថយន្តអគ្គិភ័យ បានចេញអន្តរាគមន៍ សរុបចំនួន ៨គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១២០ឡាន ក្នុងនោះស្នងការដ្ឋាននគរបាលខេត្តចំនួន ២គ្រឿង ប្រើប្រាស់ទឹក ៣០ឡាន, កងរាជអាវុធហត្ថខេត្ត ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៥ឡាន, កំពង់ផែស្វយ័តក្រុងព្រះសីហនុ ៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤៥ឡាន, អង្គភាព ង៧០ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួ ៣០ឡាន ផងដែរ។