ព្រះសីហនុ៖ ជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រស្រុកព្រៃនប់បានស្រក ពីលំនៅស្ថានប្រជាពលរដ្ឋ ក៏ប៉ុន្តែស្ថានភាពអាកាសធាតុនៅតែអាប់អួ អាជ្ញាធរនៅតែ មានវិធានការក្នុងការ ត្រៀមជួយប្រជាពលរដ្ឋ។
លោក ស កក្កដា អភិបាលស្រុកព្រៃនប់បានបញ្ជាក់ថាមកដល់ព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ នេះ ស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រស្រុកព្រៃនប់ បានស្រកពីលំនៅស្ថានរបស់ប្រជាពលរដ្ឋហើយក៏ប៉ុន្តែ ស្ថានភាពអាកាសធាតុ មេឃនៅតែអួអាប់និងមានភ្លៀង ដូចនេះកម្លាំងសមត្ថកិច្ច អាជ្ញាធរគ្រប់ស្ថាប័នពាក់ព័ន្ធក្នុងស្រុក ខេត្ត ដោយមានការដឹកនាំបញ្ជាពី លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានឱ្យមន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមមានកម្លាំងកងរាជអាវុធហត្ថ នគរបាលតំបន់ប្រតិបត្តិការសឹករង កងទ័ពជើងទឹក នៅតែបន្តត្រៀម ក្នុងការការពារ ជួយសង្គ្រោះប្រជាពលរដ្ឋ គ្រប់គោលដៅកំពុងជួបនូវជំនន់ទឹកភ្លៀងលិចផ្លូវ លំនៅស្ថានមួយចំនួនក្នុងស្រុកព្រៃនប់ព្រោះដោយសារតែអាកាសធាតុភ្លៀងនៅតែបន្តធ្លាក់។
លោក ស កក្កដា បានបញ្ជាក់បន្ថែមថា ករណីជំនន់ទឹកភ្លៀងជន់លិចផ្លូវលំនៅស្ថានប្រជាពលរដ្ឋនេះបណ្ដាលមកពីមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នានឹងធ្វើឱ្យ ទំនប់ នៅផ្នែកខាងលើ ស្ថិតនៅក្នុង ព្រំប្រទល់ ឃុំ សំរ៉ុង និងឃុំអណ្ដូងថ្ម បានបាក់ ធ្វើឱ្យ ទឹកជន់លិចនៅឃុំ ឃុំអណ្ដូងថ្ម ទទួលរង ខូចខាតផ្លូវនិងលំនៅស្ថានទ្រព្យសម្បត្តិប្រជាពលរដ្ឋមួយចំនួនធំ ហើយទំហំនៃការខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋមន្ត្រី ការិយាល័យគ្រោះមហន្តរាយស្រុកកំពុង ចុះស្រង់ស្ថិតិ អំពី ទំហំនៃការខូចខាតនេះផងដែរ។
សូមជម្រាបដែរថា គិតត្រឹមព្រឹកនេះការធ្វើចរាចរណ៍ផ្លូវគោកជាធម្មតាមិនមានការផ្អាកនៅតំបន់ផ្លូវណាមួយនោះឡើយ ដោយសារតែស្ថានភាពអាកាសធាតុ ទឹកបានស្រក ក៏ប៉ុន្តែអាជ្ញាធរនៅតែត្រៀម គ្រប់គោលដៅដើម្បីជួយប្រជាពលរដ្ឋព្រោះភ្លៀង នៅតែបន្តធ្លាក់៕