ភ្នំពេញ៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ក្រសួង មិនបន្ធូរបន្ថយស្តង់ដារប្រឡងទំាងមធ្យមសិក្សាបឋមភូមិ ថ្នាក់ទី៩ (ឌីប្លូម) និងមធ្យមសិក្សាទុតិយភូមិ ថ្នាក់ទី១២ (បាក់ឌុប) ឡើយ បើទោះបីជាផ្អាកការសិក្សាមួយរយៈពេលក៏ដោយ។
លោករដ្ឋមន្រ្តីបានអះអាងថា ក្រសួងនៅតែអនុវត្តស្តង់ដារ ដែលក្រសួងបានដាក់ចេញ ដូចបណ្តាឆ្នាំកន្លងទៅដដែល ដើម្បីលើកកម្ពស់គុណភាពអប់រំឱ្យកាន់តែមានប្រសិទ្ធភាព។ ដើម្បីឱ្យសិស្សានុសិស្សមានសមត្ថភាពអាចប្រឡងជាប់ ក្រសួងបានផ្តល់ពេលវេលាសិក្សាបន្ថែម និងលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធ រួមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជ្រើសរើសគ្រូស្ម័គ្រចិត្ត បង្រៀនបន្ថែមម៉ោង ដល់សិស្សានុសិស្ស ដើម្បីត្រៀមខ្លួនបានល្អ មុនដំណើរការប្រឡងមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ នាពេលខាងមុខ។
គួរបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា សម្រេចជ្រើសរើសការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នៅថ្ងៃទី៣០ ខែវិច្ឆិកា និងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ ដោយក្រសួងបានកំណត់ឱ្យសិស្សថ្នាក់ទី៩ និងទី១២ ត្រូវចាប់ផ្តើមចូលរៀនឡើងវិញនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ នៅទូទាំងប្រទេស ហើយសាលារៀននីមួយៗ ត្រូវបង្រៀនសិស្សឱ្យចប់កម្មវិធីសិក្សា ដោយមិនមានការឈប់សម្រាកវិស្សមកាលធំឡើយ៕
ប្រភព៖ ក្រសួងព័ត៌មាន