កោះកុង៖ អង្គការ WCS បានចែកចាយរូបភាពនិងវីដេអូបង្ហាញអំពី កូនក្រពើត្រី(Siamese crocodile)ដែលជាប្រភេទជិតផុតពូជបំផុតក្នុងចំណោមប្រភេទសត្វក្រពើជិតផុតពូជ បំផុតដទៃទៀតនៅលើពិភពលោក កំពុងហែលនៅក្នុងបឹងធម្មជាតិមួយស្ថិតក្នុងស្រុកស្រែអំបិល ក្នុងទឹកដីខេត្តកោះកុង។
រូបភាពដែលថតបានដោយក្រុមការពារសំបុកក្រពើត្រីនៃអង្គការ WCS ក្នុងកំឡុងពេលចុះល្បាត ដោយសហការជាមួយរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង។ កូនក្រពើត្រីចំនួន១៥ក្បាលនោះ ដែលកូនក្រពើនីមួយៗមានប្រវែងប្រហែល ៣០សង់ទីម៉ែត្រ កំពុងហែលនៅក្នុងបឹងធម្មជាតិក្នុងតំបន់ដីសើមដែលជាទីជម្រកដ៏សំខាន់មួយរបស់ក្រពើប្រភេទនេះ។ មន្ត្រីជំនាញបានកត់សម្គាល់ឃើញថា ដោយសារក្នុងឆ្នាំនេះមានភ្លៀងធ្លាក់តិច បឹងនៅក្នុងតំបន់ដីសើមនោះកាន់តែរាក់ទៅៗដែលធ្វើឱ្យប៉ះពាល់ដល់ទីជម្រករបស់វាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
សូមបញ្ជាក់ថា ក្រពើត្រីត្រូវបានកត់ត្រាចូលក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតផុតពូជបំផុតនៅលើពិភពលោក។ អ្នកវិទ្យាសាស្ត្របានរកឃើញវត្តមានរបស់វានៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ក៏ប៉ុន្តែបច្ចុប្បន្ន វត្តមានរបស់ក្រពើប្រភេទនេះស្ទើរតែផុតពូជនៅក្នុងប្រទេសវៀតណាម និងថៃ និងមាននៅសេសសល់តិចតួចក្នុងប្រទេសឡាវ និងឥណ្ឌូនេស៊ី។ តាមការសិក្សាស្រាវជ្រាវកន្លងមក វត្តមានប្រភេទនេះប្រហែលជា ៥.០០០ក្បាល នៅក្នុងប្រទេសកម្ពុជា ដែលចាត់ទុកថា ជាចំនួនមួយច្រើនជាងប្រទេសដទៃទៀត។
ក្រពើត្រីកំពុងប្រឈមទៅនឹងកត្តាគំរាមកំហែងជាច្រើនដូចជា ការបាត់បង់ទីជម្រក និងការប្រមាញ់ខុសច្បាប់លើក្រពើជំទង់ និងការប្រមូលយកកូនតូច និងពងរបស់វាទៅលក់ឱ្យកសិដ្ឋានចិញ្ចឹមក្រពើនៅក្នុងប្រទេសកម្ពុជា វៀតណាម និងថៃ។
អង្គការ WCS បាននិងកំពុងអនុវត្តកម្មវិធីអភិរក្សមួយចំនួនដើម្បីការពារប្រភេទនេះកុំឱ្យផុតពូជ។ គម្រោងបានដាក់បញ្ចូលក្រុមអតីតអ្នកប្រមាញ់ដើម្បីចូលរួមស្វែងរក និងការពារសំបុកនៅក្នុងធម្មជាតិ។ តាមរយៈការអនុវត្តច្បាប់ ក្រុមល្បាតចម្រុះដែលរួមមានមន្ត្រីរដ្ឋបាលជលផល និងសមាជិកសហគមន៍មូលដ្ឋានបានចុះប្រមូលយកឧបករណ៍នេសាទខុសច្បាប់ដែលអាចទាក់ជាប់សត្វក្រពើត្រី និងទប់ស្កាត់ការបំផ្លាញទីជម្រករបស់វា។ ដោយការអប់រំ និងផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងនៅក្នុងសហគមន៍មូលដ្ឋានអំពីការអភិរក្សប្រភេទនេះជាការងារសំខាន់។
ដូច្នេះគម្រោងស្នើសុំឱ្យមានការចូលរួមយ៉ាងសកម្មពីសហគមន៍មូលដ្ឋានដើម្បីឈានទៅសម្រេចផែនការសកម្មភាពអាទិភាពមួយចំនួនមានដូចជា ការបង្កើនជីវភាពសហគមន៍តាមរយៈជំនួយបច្ចេកទេសវារីវប្បកម្ម និងដើម្បីធានាថា ពួកគាត់មិនធ្វើសកម្មភាពនេសាទខុសច្បាប់ចូលទៅក្នុងតំបន់ដីសើមដែលជាទីជម្រករបស់ក្រពើត្រីនោះទេ។ សកម្មភាពអភិរក្សមួយទៀតគឺការយកកូនក្រពើទៅចិញ្ចឹមថែទាំឱ្យធំមុនយកទៅលែងក្នុងធម្មជាតិនឹងជួយធ្វើឱ្យចំនួនក្រពើត្រីនៅក្នុងធម្មជាតិកើនឡើងវិញ៕