ព្រះសីហនុ ៖ ក្រោយទទួលបានបទបញ្ជា របស់ឯកឧត្ដម គួច ចំរើន អភិបាលខេត្ដព្រះសីហនុ និង សម្របសម្រួលនីតិវិធី ពីឯកឧត្ដមសៀង សុខ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ដ នគរបាលជំនាញ ផែនព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងព្រះសីហនុ និងអធិការដ្ឋាន នគរបាលស្រុកព្រៃនប់ បានចុះទៅកាន់ទីតាំង ប្រមូលទិញអេតចាយចំនួន៥កន្លែង ក្នុងនោះក្នុងក្រុងព្រះសីហនុ២កន្លែង និង ស្រុកព្រៃនប់ចំនួន៣កន្លែង ដើម្បីស្រាវជ្រាវ។
ជាលទ្ធផលសមត្ថកិច្ចបានរកឃើញ ទីតាំងចំនួន២កន្លែង មានការពាក់ពន្ធ័និង ករណីលួចកាត់ខ្សែភ្លើង របស់សាធារណៈនេះ ហើយបានដកហូតវត្ថុតាង និងឃាត់ខ្លួនជនសង្ស័យចំនួន១៧នាក់ យកមកកាន់ស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីបន្តតាមនីតិវិធី បញ្ជូនទៅកាន់សាលាដំបូង ខេត្តព្រះសីហនុ និងកំពុងបន្តស្រាវជ្រាវ រកជនដៃដល់ ជាអ្នកលួចផ្ទាល់ យកមកផ្តន្ទាទោសដូចគ្នា ។
សូមជម្រាបថា អភិបាលខេត្តព្រះសីហនុ ឯកឧត្ដម គួច ចំរើន នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ បានប្រកាស បេីកប្រតិបត្តិការធំមួយ ដេីម្បីបង្ក្រាបករណី ចោរលួចខ្សែភ្លេីង បំភ្លឺសាធារណ: ហើយឯកឧត្ដមផ្ដល់ថវិកា ១០លានរៀល អោយសមត្ថកិច្ច ដឹកនាំការបង្ក្រាប អោយខានតែបាន ៕