ភ្នំពេញ ៖ ស្រ្តីសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាល នៃការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន ធ្វើការឃាត់ខ្លួន និងសង្គ្រោះកុមារ ចំនួន៧នាក់កាលពីវេលា ម៉ោង២រសៀល ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ចំណុចតាមសួនច្បារ ( ម្តុំសណ្ឋាគារសុខា) ផ្លូវទន្លេសាប សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ប្រតិបត្តិការ និងការស្រាវជ្រាវនេះ បានធ្វើឡើងសហការជាមួយ មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ, អង្គការមេត្រីអន្តរជាតិ (AIM), អង្គការពន្លកថ្មី និងអាជ្ញាធរមូលដ្ឋាន ពាក់ព័ន្ធករណី កេងប្រវ័ញ្ចពលកម្មលើកុមារ ( ក្នុងរូបភាពដើរសុំទាន) ។
ស្រ្តីវ័យចំណាស់នោះមានឈ្មោះ អ៊ុំ យឿន អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ និងមុខរបរមិនពិតប្រាកដ។ រីឯកុមារាកុមារី ចំនួន៧នាក់ មានអាយុ ចន្លោះពី ៣ឆ្នាំដល់១១ឆ្នាំ ប៉ុណ្ណោះ ។
យោងតាមស្រ្តីសង្ស័យ បានរៀបរាប់ឱ្យដឹងថា ជារៀងរាល់ព្រឹក គឺបាននាំក្មេងៗ ដើរសុំទាន នៅក្នុងផ្សារនានា រហូតដល់ ម៉ោង៥ទៅម៉ោង៦ល្ងាច ទើបអោយក្មេងៗដេកនៅតាមសំយ៉ាបផ្ទះប្រជាពលរដ្ឋ នៅម្ដុំជ្រោយចង្វាវិញ។ ក្មេងៗម្នាក់ៗ ក្នុង១ថ្ងៃ អាចសុំទានបានលុយ ពី២ម៉ឺនរៀល ទៅ៣ម៉ឺនរៀល ( សរុបក្មេងទាំង៧នាក់ អាចបានលុយសរុបជាង១០ម៉ឺនរៀល ក្នុង១ថ្ងៃ ) រួចស្រ្តីនោះយកទាំងអស់ដោយអោយក្មេងៗម្នាក់ តែ១៥០០រៀល ឬ២០០០រៀលប៉ុណ្ណោះ ។
សូមបញ្ជាក់ផងដែរស្រ្តីរូបនេះ ជាមនុស្សញៀនស្រា ថ្ងៃណាមួយ ដែលក្មេងៗ មិនដើរសុំទាន ស្រ្តីនោះនឹងវាយដំ ទៅលើក្មេងៗនោះផងដែរ។ បច្ចុប្បន្ន ស្រ្តីសង្ស័យ ត្រូវបាននាំមកសាកសួរ រួចឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីចំណែកកុមារទាំង៧នាក់ ត្រូវបាននគរបាល ប្រគល់ជូនមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ ៕